ខេត្តព្រៃវែង ៖ បុរសចំនួន០៤នាក់ បានស្លាប់ជាបន្តបន្ទាប់ សង្ស័យជាករណីពុល ស្រា ស ស្រាថ្នាំ ដោយម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យ និង០៣នាក់ទៀត បានស្លាប់នៅផ្ទះ ស្ថិតក្នុងភូមិយោត ឃុំមេសរប្រច័ណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់ ទី១. ឈ្មោះ ឆួន ពៅ អាយុ៥៣ឆ្នាំ ទី២. ឈ្មោះ សឺន ផន អាយុ៣១ឆ្នាំ ទី៣. ឈ្មោះ ចយ អាយុ៤៥ឆ្នាំ និង ឈ្មោះ ហ៊ាន ណេន អាយុ៤៧ឆ្នាំ។
លោកបន្តថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានជនរងគ្រោះម្នាក់បានស្លាប់ ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់បាត់បង់ជីវិតនៅនឹងផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ ទាំង៤នាក់ខាងលើនេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់ សុទ្ធតែបានផឹកស្រាសស្រាថ្នាំដូចគ្នា។
ដោយឡែកលោកវិជ្ជបណ្ឌិត ហួត កណ្យាល ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំង បានឲ្យដឹងនៅរសៀលថ្ងៃទី២០មិថុនានេះថា ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅភូមិយោត ឃុំមេសរប្រច័ណ្ឌនោះ ក្រុមគ្រូពេទ្យជំនាញរបស់លោក បានចុះទៅពិនិត្យរួចហើយ ដំបូងគឺពិនិត្យរកមេរោគកូវីដ១៩ ដើម្បីកុំឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភ ហើយលទ្ធផល គឺជនរងគ្រោះអវិជ្ជមានទាំងអស់។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅ ក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕


