ភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការហាមឃាត់ការចែកចាយលក់ និងធ្វើតេស្ត រហ័ស រកអង់ទីគ័រ ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័ស គ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីរសួងសុខាភិបាល។
នៅក្នុងសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលបានអោយដឹងថា មានគណនីហ្វេសប៊ុកចំនួន៤ គឺ១-បងប្រុសទីពីរ, ២-Leng Kuchnika Pol, ៣-Srey Nit, និង TMS-Trust Medical Services បាននិងកំពុងផ្សព្វផ្សាយលក់តេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ជីកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយក ឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។ ដូចនេះ ក្រសួងសុខាភិបាល សូមជម្រាប ជូនដល់សាធារណជនទាំងអស់ជ្រាបថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើ នេះ គឺពុំមានការចុះបញ្ជីកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាព ពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ។
ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ ភូតភរ ទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខមហិកាពីក្រសួង សុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់ ដោយគណនីបណ្តាញសង្គមខាងលើ និងគណនី ឬជនពាក់ព័ន្ឋដទៃទៀត និងបញ្ឈប់ការទៅធ្វើតេស្តតាមសេវាសុខាភិបាលឯកជននានាជាបន្តទៀត ព្រោះតេស្តរហ័សទាំងនោះពុំមានប្រភព ច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុក្រឹតភាពនៃលទ្ធផលបានឡើយ។
ក្រសួងសុខាភិបាលសូមជម្រាបថាក្រោយពីចាក់វ៉ាក់សាំងកូវីដ-១៩រួច អង្គការសុខភាពពិភពលោក (WHO) ពុំមានការណែនាំណាមួយក្នុងការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ឡើយ។ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសូមអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់មិនត្រូវនាំគ្នាទៅធ្វើតេស្ដរកអង់ទីគ័រការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់ឧបករណ៍ តេស្តរហ័សខុសច្បាប់នេះជាដាច់ខាត និងត្រូវតែបន្តអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត សុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)៕


