អត់ការងារធ្វើ ថតរូប កាន់ដាវ បង្ហោះហ្វេសបុក ត្រូវនគរបាលខេត្តព្រះវិហារ ចាប់កោសក់ក្បាល ជាការព្រមាន

ខេត្តព្រះវិហារ ៖ ក្មេងទំនើង០២នាក់ បានថតរូប កាន់ដាវម្នាក់មួយដើម ហើយយកទៅបង្ហោះលេងតាមបណ្តាញសង្គម ហ្វេសបុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានអោយដឹងថា ៖ បន្ទាប់ពីក្មេងប្រុសទាំង២នាក់នេះ បានបង្ហោះរូបភាព កាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក លើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងមានការស៊ែរចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញ ស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះឲ្យបាន។

ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ និងដកហូតដាវចំនួន២ដើមនិងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។

ពួកគេទាំង២នាក់ ឈ្មោះ ឡន ឡោ អាយុ១៧ឆ្នាំ មុខរបរកសិករ និងឈ្មោះរ៉ន រដ្ឋា អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

សមត្ថកិច្ចបានកោះហៅអាណាព្យាបាល មកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យាច្បាស់លាស់ និងបានអប់រំណែនាំ និងអនុញ្ញាតឲ្យក្មេងទំនើងទាំង២នេះ វិលត្រឡប់ទៅផ្ទះវិញ ជាមួយការកោសក់ក្បាល ជាការព្រមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២