Rolls Royce តំលៃរាប់សែនដុល្លារ បើកបុកម៉ូតូមួយគ្រឿង បាក់ជើង០៤នាក់ ហើយបើករត់ចូលភូមិគ្រឹះមួយបាត់

ភ្នំពេញ ៖ មនុស្សប្រុសស្រី ចំនួន០៤នាក់ បានទទួលរងរបួសធ្ងន់ បាក់ជើង បែកមុខ បែកមាត់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវ រថយន្តស៊េរីទំនើប Rolls Royce ពណ៌ស (មិនចាំស្លាកលេខ) មានតម្លៃរាប់សែនដុល្លារ បើកបរក្នុងល្បឿនលឿន និងបំពានភ្លើងស្តុប ទៅបុកម៉ូតូមួយគ្រឿង កំពុងឆ្លងកាត់ផ្លូវ កាលពីម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង (ព្រំប្រទល់សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ) ខណ្ឌដូនពេញ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់ (HONDA DREAM) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CT-6477 ដឹកយុវតីមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវអាស៊ានលេខ១១ (ផ្លូវលេខ១១៤) ទិសដៅពីលិចមកកើត មកដល់ចំណុចកើតហេតុ ភ្លើងស្តុបចរាចរណ៍ពណ៌បៃតង ក៏បន្តដំណើរទៅត្រង់ (ទៅផ្លូវក្រមួនស) ឆ្លងកាត់ផ្លូវបំបែកជាបួន បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក ROLLS ROYCE បានបើកបោះពួយតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង ឆ្លងកាត់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ហើយថែមទាំងបំពានភ្លើងស្តុប ក៏ជ្រុលទៅបុកចំម៉ូតូខាងលើពេញមួយទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតប៉ើងបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរទាំង៤នាក់។

 

សាក្សីបន្តទៀតថា ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ ដោះស្រាយទេ បានព្យាយាមបើកបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុគេចខ្លួន។ រថយន្តបង្កខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញបើកទៅតាមផ្លូវកែវចិន្ដា ដោយមានហូរហៀរប្រេងតាមផ្លូវ រហូតចូលក្នុងភូមិគ្រឹះមួយកន្លែង ផ្ទះលេខ282 ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយក៏បានផ្ដល់ដំណឹងជូនសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចុះទៅពិនិត្យមើល ដោយខាងម្ចាស់ផ្ទះមិនបានបើកទ្វារផ្ដល់ព័ត៌មានអ្វីមកកាន់សមត្ថកិច្ចឡើយ ហើយពេលយប់ទៀត ទើបសមត្ថកិច្ចក៏ត្រលប់ទៅវិញបាត់អស់ទៅ ដោយរងចាំព្រឹកនេះ ទើបចុះទៅធ្វើការបន្ត។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ឯកជន មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២