កោះភូកេត ប្រទេសថៃ រំពឹងទទួលបានកំណើនភ្ញៀវទេសចរណ៍ ៦% បន្ថែមទៀត

ថៃ ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃ (Aeronautical Radio of Thailand Ltd)នៅថ្ងៃពុធនេះនិយាយថាអាកាសយានដ្ឋានអន្តរជាតិភូកេតបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនៅខែក្រោយនេះដោយរំពឹងនឹងមានការកើនឡើងនៃចរាចរណ៍ផ្លូវអាកាសចំនួន ៦ ភាគរយ។

លោក Tinnakorn Chuwong អនុប្រធានប្រតិបត្តិបានថ្លែងថា ទោះបីជាចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានបានធ្លាក់ចុះ ៤៥ ភាគរយក្នុងឆ្នាំនេះដោយមានតែប្រមាណ ៣៣៩,៣៤០ ជើងហោះហើរដោយសារតែ Covid-19 ក៏ដោយក៏គេរំពឹងថា វានឹងស្ទុះងើបឡើងវិញបន្តិចនៅពេលដែលគម្រោងដំណើរកំសាន្តនៅកោះភូកេតដោយមិនធ្វើចត្តាឡីស័កនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដានេះ។

លោកបានបន្តថា យ៉ាងហោចណាស់មានជើងហោះហើរ ៥ បន្ថែមទៀតនឹងមកដល់អាកាសយានដ្ឋានភូកេតក្នុងមួយថ្ងៃដែលនាំឲ្យចំនួនសរុបប្រចាំថ្ងៃដល់ទៅ ៨០ ជើងក្នុងមួយថ្ងៃឬកើនឡើងស្មើរនឹង ៦ ភាគរយ។

បន្ថែមពីនេះអភិបាលខេត្តភូកេតលោក Narong Woonsew មានប្រសាសន៍ថា មុនពេលធ្វើដំណើរអ្នកទេសចរត្រូវធ្វើតេស្តអវិជ្ជមាន Covid-19 និង ទិញការធានារ៉ាប់រង Covid-19 ព្រមទាំងបានកក់នៅសណ្ឋាគារដែលមានវិញ្ញាបនប័ត្ររដ្ឋបាលសុវត្ថិភាពនិងសុខភាព (SHA) Plus។

ហើយនៅពេលមកដល់អ្នកទេសចរនឹងត្រូវធ្វើតេស្តម្តងទៀត នៅអាកាសយានដ្ឋានភូកេត។ ពួកគេនឹងត្រូវរង់ចាំនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេដើម្បីទទួលបានលទ្ធផល ប្រសិនបើការធ្វើតេស្តអវិជ្ជមានពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅ។

គួរបញ្ជាក់ផងដែរថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៣២,៦៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៧៥នាក់ និងអ្នកជាសះស្បើយ ១៩១,៣៥៥នាក់។ ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ ប្រទេសថៃសម្រេចបានជិត ៨លានដូសហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២