ឆ្លៀតពេលប្រពន្ធចុង ទៅមើលម្តាយឈឺ លោកប្តីកំហូច ទៅគាស់ទ្វារផ្ទះ លួចលុយនិងមាសសរុប ជាង១ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ លោកប្តីជើងល្អម្នាក់ ប្រហែលជាអស់ចាយ សប្បាយហ៊ឺហារ បានឆ្លៀតឪកាស ប្រពន្ធចុង រវល់ទៅមើលម្តាយឈឺ ក៏បែកគំនិត ទៅគាស់ទ្វារផ្ទះ រួចលួចយកលុយនិងមាស សរុបជាទឹកប្រាក់ ប្រមាណជាង១ម៉ឺនដុល្លារ ទៅផ្ញើប្រពន្ធដើម។ ប៉ុន្តែត្រូវបានស្រ្តីជាប្រពន្ធចុង បានដាក់ពាក្យប្តឹងសមត្ថកិច្ច ខេត្តសៀមរាប អោយឃាត់ខ្លួន បុរសជាប្តីចុង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុងរួច លោកឧត្តមសេនីត្រី ភឹង ចន្តារ៉េត ស្នងការរង ប្រធានផែនការងារព្រហ្មទណ្ឌ និងដឹកនាំស្រាវជ្រាវផ្ទាល់ដោលោកវរសេនីយឯក ណុប សារ៉ាក់ ស្នងការរង ទទួលការងារការិយាល័យនគរព្រហ្មទណ្ឌកំរិតធ្ងន់និងលោកវរសេនីយទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយមន្ត្រី ជំនាញក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ែម សំណាង អាយុ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស (គាស់ស័ង្កសី) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះ។

តាមដំណើររឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈើ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន ១២៤០០ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ ០១តម្លឹង (ទ្រព្យសម្បត្តិទាំអស់ ជនរងគ្រោះក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក ) បន្ទាប់មកក៏ប្តឹងរាយការណ៍ ជូនសមត្ថកិច្ច ។

តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា : គាត់ពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៩ មិថុនា ២០២១ ដោយឃើញជនរងគ្រោះ មិននៅផ្ទះ (ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លារចំនួន១១.២០០ $ និង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត ក្រោយពេលធ្វើសកម្មភាពហើយ គាត់បានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានអោយដឹថា ជនសង្ស័យដែលជាប្តីចុងរបស់ជនរងគ្រោះ បានធ្វើសកម្មភាពដោយយកដង្កាប់កាត់ស័ង្កសីបង្អួច ហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ យកអស់លុយចំនួន ១២.៤០០ដុល្លារ និងខ្សែកមាសទម្ងន់ ០១តំឡឹង ដែលទុកក្នុងស្រោមខ្នើយ។

ជនសង្ស័យបានធ្វើសកម្មភាព នៅពេលដែលជនរងគ្រោះទៅមើលម្តាយឈឺនៅខេត្តត្បូងឃ្មុំ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២