ឡាវដាក់ផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជនក្នុងរដ្ឋធានីរបស់ខ្លួន ឱ្យបាន៨០ភាគរយ ក្នុងឆ្នាំនេះ

(វៀងច័ន្ទន៍)៖ ក្រសួងសុខាភិបាលឡាវ មានគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុង Vientiane ឱ្យបាន ៨០ភាគរយ នៅត្រឹមដំណាច់ឆ្នាំនេះ ក្នុងគោលបំណងដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងមេរោគ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

សម្រាប់ផែនការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសវិញក្នុងឆ្នាំ នេះឡាវក៏ដាក់ផែនការចាក់ឲ្យបានពាក់កណ្តាលនៃប្រជាជនរបស់ខ្លួន ពោលគឺ ៥០ភាគរយក្នុងចំណោមប្រជាជនសរុបជាង ៧.៣៨លាននាក់ ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជនជាង ២៦០,០០០នាក់ហើយនៅទីក្រុងវៀងច័ន្ទន៍ ដែលបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស បើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឡាវ ។
បច្ចុប្បន្ននេះ ឡាវកំពុងប្រើប្រាស់ វ៉ាក់សាំង ចំនួន ៣ ប្រទេសក្នុងនោះរួមមាន Sinopharm, Pfizer និង AstraZeneca ផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសឡាវ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២,០៨០ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៩៦២នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២