កុំចេះតែហ៊ាន! ឃាត់ខ្លួន ប៉ូលិស ក្លែងក្លាយ ម្នាក់ទៀត ក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចបានបកស្បែក មន្ត្រីប៉ូលិសក្លែងក្លាយ ម្នាក់ទៀតហើយ ដោយជនល្មើស បានក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការហើយ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សៅខូ ចន្ទ័សូឡារ អាយុ២២ឆ្នាំ។

ជនរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី។

ក្រោយបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២