ភ្នំពេញ ៖ ប្រពន្ធបានស្រែកទ្រហោរយំ រហូតដល់សន្លប់ បន្ទាប់ពីឃើញសពប្តី ដេកស្លាប់ គៀបជាប់លើម៉ូតូ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ច កាលពីម៉ោងជាង៩យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានអោយដឹងថា ៖ សពជនរងគ្រោះមានឈ្មោះ កៅ ចំរើន អាយុ៣១ឆ្នាំ មុខរបប នាយទាហាន កងយោធពលខេមរភូមិន្ទ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុមានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ថា មានបុរសម្នាក់ដេកស្លាប់ជាប់លើម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-8770 ត្រង់ចំណុចកើតហេតុទាំងសភាពបែកក្បាលហូរឈាម រីឯម៉ូតូខ្ទេចផ្នែកខាងមុខរួញជាប់និងជនរងគ្រោះ ដោយសង្ស័យជនរងគ្រោះជិះម៉ូតូបុករថយន្តពីក្រោយ រួចហើយរថយន្តបង្កមិនស្គាល់ម៉ាកបានបើកគេចបាត់ ដោយគ្មានអ្នកដឹង។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមៗ សាច់ញាតិក្រុមគ្រួសារ ជាពិសេសប្រពន្ធជនរងគ្រោះបានមកយំសោកបោកខ្លួន រហូតសន្លប់បាត់ស្មារតី។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


