ក្នុងរយៈពេល ២៤ ម៉ោង ថៃកត់ត្រាករណីអ្នកជំងឺកូវីដ-១៩ ស្លាប់ខ្ពស់បំផុត ៦១នាក់ និង ឆ្លងថ្មី ៦.០៨៧ករណី

បាងកក ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៨៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៨៨០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២០៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ប្រភពដដែល បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៦១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដោយកំណត់ត្រាចាស់នៃអ្នកស្លាប់ច្រើនបំផុតរបស់ថៃ គឺ៥៧នាក់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។ ហើយអ្នកជាសះស្បើយចំនួន ៣,៦៣៨នាក់ទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៧០,៩២១ករណី ក្នុងនោះមានអ្នកស្លាប់ ២,១៤១នាក់ និងអ្នកជាសះស្បើយ ២១៤,៣៤០នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២