ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក ដឹកនាំលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលបឹងសាគូ សហការជាមួយកម្លាំងយោធាកងពលថ្មើជើងលេខ៥១ បានស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនជាច្រើនកូនថង់តូច កាលពីម៉ោង០២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមាត់អូរព្រំដែន ខាងមុខកាស៊ីណូ GALAXY ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលបឹងសាគូ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទា យមានជ័យ និងមានការណែនាំពីលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូច៩១១ ក្នុងការទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់នោះ លោកក៏បានដឹកនាំកម្លាំងចុះរឹតបន្តឹងត្បាត តាមគោលដៅជាប្រចាំក៏បានប្រទះឃើញជនសង្ស័យម្នាក់មានការសង្ស័យ កម្លាំងក៏ឃាត់សួរនាំនិងឆែកឆេរក៏រកឃើញមានថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌ ស ថ្លា ចំនួន៦កូនថង់តូច និងថ្នាំញៀនប្រភេទមេតំហ្វាតាមីន គ្រាប់ ពណ៌ក្រហម ដែលមានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន៤៨គ្រាប់ ដែលជនសង្ស័យបានលាក់ទុកនៅក្រោមកែបម៉ូតូ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូបន្តថា ជនសង្ស័យមានឈ្មោះ អែល ឡៅ អាយុ៥២ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ បានបញ្ជូនខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ទៅទីបញ្ជាការវរសេនាតូច៩១១ ដើម្បីសួរនាំ។
បច្ចុប្បន្នកម្លាំងទីបញ្ជាការវរសេនាតូច៩១១ បានប្រគល់ឲ្យនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕


