តុលាការ សម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើស

ភ្នំពេញ៖ បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលទើបទទួលបាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ លោក រ័ត្ន សណ្តាប់ អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តនិងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១ ។

បើយោងតាម ដីកាបញ្ជាឲ្យចូលខ្លួន របស់ ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក រ័ត្ន សណ្តាប់ ត្រូវបាន លោកស្រី គង់ មាលា ជាពាណិជ្ជករម្នាក់ ប្តឹង ពីបទ «រំលោភលើទំនុកចិត្តនិងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ព្រោះតែរឿងរត់ការដោះស្រាយវិវាទដីធ្លីនៅចំណុច ឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេលជាង៣ឆ្នាំ មកហើយតែមិនបានទទួលលទ្ធផលអ្វីឡើយ ហើយបានយកប្រាក់របស់លោកស្រី ជាពាណិជ្ជករម្នាក់នេះ អស់ជាច្រើនម៉ឺនដុល្លារ ដាក់ចូលហោប៉ៅផ្ទាល់ខ្លួន ដោយពុំបានធ្វើកិច្ចការអ្វីឡើយ ទើបលោកស្រីម្នាក់នេះ ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនលោក រ័ត្ន សណ្តាប់ តែម្ដង។

សូមបញ្ជាក់ថា ដីកាបង្គាប់អោយឃុំខ្លួន ចេញដោយ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយកំណត់ថា ៖
១.ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ រ័ត្ន សណ្តាប់ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី១(ម១)ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់។
២. ឲ្យប្រធានមណ្ឌលកែប្រែទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣.ឲ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកា នេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២