ភ្នំពេញ ៖ បុរសជាកម្មករម្នាក់ ខំយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយពន្លត់ភ្លើង ដែលកំពុងឆេះខ្សែភ្លើង តែជាអកុសល បែរជាឆក់ខ្លួនឯងស្លាប់ កាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
អាជ្ញាធរមូលដ្ឋាបានអោយដឹងថា ជនរងគ្រោះ ឈ្មោះរីន អាយុ២៣ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែលើកដាក់សម្ភារៈ នៅហាងបោះដុំនិងលក់រាយភេសជ្ជៈ ពេលនោះ ក៏មានផ្ទុះបណ្តាញប្រអប់ភ្លើង ក្នុងកាប៊ីនឆាបឆេះខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងប្រជាពលរដ្ឋដែលរស់នៅក្បែៗនោះ រួមនឹងអ្នកដំណើរផងដែរ។ ឃើញបែបនេះជនរងគ្រោះ បានយកបំពង់បាញ់ពន្លត់អគ្គិភ័យ ជួយបាញ់ទប់ស្កាត់កុំឲ្យរាលដាល ដល់ផ្ទះថៅកែរបស់គាត់ ស្រាប់តែធ្លាក់ខ្សែភ្លើងស្រាតកាប ធ្លាក់មកដល់ដីរេចុះរេឡើង ស្រូបឆក់ជនរងគ្រោះផ្ទុះស្លាប់ភ្លាមៗតែម្តង។
សពត្រូវបានសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ជូន ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕


