ក្រុមចលនាតស៊ូអាហ្វហ្គានីស្ថាន នៅខេត្ត Panjshir ប្រកាសមិនទទួលយកអាសនៈដែលផ្ដល់ដោយ តាលីបង់ទេ ខណៈតាលីបង់ រៀបគម្រោងសម្លាប់មេដឹកនាំចលនានេះ

តាលីបង់៖ ក្រុមចលនាតស៊ូប្រដាប់អាវុធនៅខេត្ត Panjshir ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថានដឹកនាំដោយលោក Ahmad Massoud បាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងបន្តប្រយុទ្ធជាមួយពួកតាលីបង់ ព្រោះការចរចារបស់ពួកគេមិនបាននាំឲ្យមានលទ្ធផលណាមួយឡើយ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik។

ខេត្ត Panjshir គឺជាបន្ទាយនៃរណសិរ្សតស៊ូជាតិដែលដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់អតីតមេបញ្ជាការទ័ពព្រៃអាហ្វហ្គានីស្ថានឈ្មោះ Ahmad Shah Massoud ។

ថ្មីៗនេះដែរ បើតាមការចុះផ្សាយរបស់កាសែត The Nation បានឲ្យដឹងថា ក្រុមតាលីបង់ក៏កំពុងរៀបគម្រោងបញ្ចប់ជីវិតលោក Ahmad Massoud មេដឹកនាំនៃចលនាតស៊ូប្រដាប់អាវុធនៅក្នុងខេត្តជ្រលងភ្នំ Panjshir ក្រោមហេតុផលថា មើលងាយរដ្ឋាភិបាលថ្មី ។

ទន្ទឹមនោះ រណសិរ្សតស៊ូជាតិ (NFR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការចរចាបានបរាជ័យ ហើយការវាយប្រហារចុងក្រោយរបស់តាលីបង់ វាត្រូវបានសម្រេចថា ការចរចាត្រូវបានបញ្ចប់ ហើយការប្រយុទ្ធប្រឆាំងជាមួយតាលីបង់ នឹងប្រព្រឹត្តទៅនៅខេត្ត Panjshir និងតំបន់ផ្សេងទៀតនៃប្រទេសអាហ្វហ្គានីស្ថាន” ។

យោងតាមរណសិរ្សនេះបានឲ្យដឹងថា តាលីបង់បានផ្តល់អាសនៈមួយ ឬពីរនៅក្នុងរដ្ឋាភិបាលដែលពួកគេកំពុងព្យាយាមបង្កើត ប៉ុន្តែចលនាតស៊ូប្រដាប់អាវុធបានបដិសេធការផ្តល់ជូននេះ ។

គួរបញ្ជាក់ថា លោក Massoud ក៏បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចុះផ្សាយនៅថ្ងៃទី ៣០ ខែសីហាថា “ប្រសិនបើតាលីបង់មានឆន្ទៈចែករំលែកអំណាចជាមួយមនុស្សគ្រប់គ្នា ហើយមានឆន្ទៈក្នុងការបង្កើតយុត្តិធម៌ និងផ្តល់សិទ្ធិ និងសេរីភាពស្មើភាពគ្នាដល់អាហ្វហ្គានីស្ថានទាំងអស់នោះ ខ្ញុំនឹងចុះចេញពីតំណែងជាមេដឹកនាំក្រុមចលនាតស៊ូ ហើយឈប់ធ្វើនយោបាយតែម្ដង” ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២