រហូតមកដល់ពេលនេះ មនុស្ស៦០នាក់ ហើយ បានស្លាប់ ដោយសារគ្រោះទឹកជំនន់និងព្យុះ នៅសហរដ្ឋអាមេរិក

ញូយ៉ក៖ យ៉ាងហោចណាស់រដ្ឋចំនួន ៨ ស្ថិតនៅភាគខាងកើតនៃសហរដ្ឋអាមេរិក បានទទួលរងឥទ្ធិពលពីព្យុះ Ida ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ដែលបណ្តាលឲ្យមនុស្ស ៦០ នាក់ហើយបានបាត់បង់ជីវិតគិតមកត្រឹមពេលនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ABC។

បើតាមអាជ្ញាធរអាមេរិក បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ សុទ្ធតែបានស្លាប់ដោយសារតែ ការលង់ទឹកនៅក្នុងផ្ទះ និងក្នុងរថយន្ត ខណៈទឹកជំនន់បានកើនឡើងយ៉ាងលឿនរហ័សពេក ទាំងនៅក្នុងរដ្ឋធំៗមួយចំនួនដូចជា ញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ ផងដែរ។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានមានប្រសាសន៍ថា ទីក្រុងញូវយ៉ក បានជួបប្រទះនូវបាតុភូតភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលខ្លួនមិនដែលជួបឡើយពេញមួយខែកញ្ញានេះ។

លោកបានបន្តថា មនុស្សត្រូវជាប់នៅក្នុងផ្លូវក្រោមដី ប៉ុន្តែកងកម្លាំងនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក បានជួយសង្គ្រោះពួកគេទាំងអស់។ ខណៈពេលនេះ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ កំពុងត្រៀមខ្លួនផ្តល់ជំនួយសង្រ្គោះទៅដល់ពលរដ្ឋរងគ្រោះ។

គួរបញ្ជាក់ថា អាជ្ញាធរទីក្រុងញូយ៉កបានប្រកាសអាសន្នកាលពីថ្ងៃពុធ អំពីបាតុភូតអាក្រក់នេះផងដែរ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាគ្រោះទឹកជំនន់កើតឡើង។ ទឹកជំនន់បានវាយលុកខ្លាំងនៅតំបន់ខាងលើនេះ ចាប់តាំងពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២