ក្រុមតាលីបង់ និងក្រុមចលនាតស៊ូអាហ្វហ្កានីស្ថាន ក្នុងខេត្តPanjshir ចាប់ផ្តើមបើកការវាយប្រហារគ្នា ក្រោយប៉ះទង្គិចពាក្យសម្តី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ

កាប៊ុល៖ ក្រុមតាលីបង់ដែលទើបនឹងកាន់កាប់ទីក្រុងកាប៊ុលថ្មីៗ និងកងកម្លាំងចលនាតស៊ូប្រដាប់អាវុធអាហ្វហ្កានីស្ថាន ដែលមេដឹកនាំ លោក Ahmad Massoud បានបើកការវាយប្រយុទ្ធគ្នាទៅវិញទៅមក យ៉ាងក្ដៅគគុកនៅតំបន់ភ្នំ Panjshir បន្ទាប់ពីភាគីទាំងពីរនិយាយមិនត្រូវរូវគ្នា នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២១ ។

បើតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានឲ្យដឹងថា ក្រុមតាលីបង់បានចូលទៅក្នុងខេត្ត Panjshir ដោយដណ្ដើមកាន់កាប់ទឹកដីជាច្រើន។ លោក Mujahid បានគូសបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារនេះបានធ្វើឡើង បន្ទាប់ពីកិច្ចចរចា ជាមួយក្រុមប្រដាប់អាវុធក្នុងតំបន់ទទួលបរាជ័យ ហើយពេលនេះតាលីបង់បានចូលទៅក្នុងខេត្ត Panjshir និងបានវាយដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួន ។

ប៉ុន្តែ ក្រុមចលនាតស៊ូអាហ្វហ្កានីស្ថាន បានអះអាងថា ពួកគេកំពុងឈរជើង និងគ្រប់គ្រងច្រកចេញចូលទាំងអស់នៃខេត្ត Panjshir ហើយកំពុងវាយបកទៅលើសត្រូវវិញ។

គួរបញ្ជាក់ផងដែរថា Panjshir គឺជាខេត្តតែមួយគត់ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមិនទាន់ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់។

ថ្មីៗនេះដែរ បើតាមការចុះផ្សាយរបស់កាសែត The Nation បានឲ្យដឹងថា ក្រុមតាលីបង់មានគម្រោងបញ្ចប់ជីវិតលោក Ahmad Massoud មេដឹកនាំនៃចលនាតស៊ូប្រដាប់អាវុធនៅក្នុងខេត្តជ្រលងភ្នំ Panjshir ក្រោមហេតុផលថា មើលងាយរដ្ឋាភិបាលថ្មី ។ បន្ថែមពីនេះ ក្រុមចលនាតស៊ូអាហ្វហ្គានីស្ថានមួយនេះក៏បានប្រកាសមិនទទួលយកអាសនៈដែលផ្ដល់ដោយតាលីបង់ផងដែរ។

តំបន់ភូមិសាស្ត្រជ្រលងភ្នំនៃខេត្ត Panjshir ត្រូវបានចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រមួយ ដែលអំណោយផលដល់ការលាក់ខ្លួន និងបង្កើតយុទ្ធសាស្ត្រធ្វើសង្គ្រាម។ កាលពីជាងមួយសប្តាហ៍មុន លោក Ahmad Massoud បានអះអាងថា កងកម្លាំងតស៊ូក្នុងខេត្ត Panjshir ប្រមាណ ៩,០០០នាក់ ត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធតទល់នឹងក្រុមតាលីបង់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២