ផឹកស្រវឹងមានទំនាស់ជាមួយក្រុមគ្រួសារ អ្នកជិតខាងចេញមកមើល ដកកាំបិតប៉័ងតោ ដេញកាប់ ប្រជាពលរដ្ឋ និងកាបើរថយន្តដែលមិនដឹងអី ខូចខាត៤គ្រឿង

ភ្នំពេញ ៖ បុរសផឹកស៊ីស្រវឹង បាត់បង់ស្មារតី បានកើតជាជម្លោះជាមួយគ្រួសារ លុះអ្នកជិតខាង ចេញមកមើល ក៏ដកកាំបិតប៉័ងតោ ដេញកាប់គេ មិនបាន បែរជាទៅកាប់បំផ្លាញ រថយន្តដែលចតចោល បណ្តាលអោយរងការខូចខាត អស់ចំនួន០៤គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅសហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកឃាត់ខ្លួនភ្លាមៗ កាលពីម៉ោងជិត៩យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣៥ដេ ក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

លោកគាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង ប៊ុនធឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៣១ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះទាំង ០៤នាក់ ៖
១-ឈ្មោះ ហោ គឹមលាង ភេទ ស្រី អាយុ ៦៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៦ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
២-ឈ្មោះ ហ៊ាង អេងលាង ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខបេ៥៥ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
៣-ឈ្មោះ ហៀង ដាណែត ភេទ ស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៥ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
៤-ឈ្មោះ ហួត ទៀង ភេទ ស្រី អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៦ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោកគាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងខ្លាំងបាត់ស្មារតីមានទំនាស់ជាមួយក្រុមគ្រួសារ (នៅចំណុចកើតហេតុ) ពេលនោះជនរងគ្រោះឈ្មោះ ហោ គឹមលាង និងឈ្មោះ ហួត ទៀង ក៏ចេញមកមើល ស្រាប់តែជនសង្ស័យយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះទាំង ០២នាក់ តែជនរងគ្រោះគេចផុត រត់ចូលក្នុងផ្ទះ។ បន្ទាប់មកជនសង្ស័យក៏បានកាប់រថយន្តជនរងគ្រោះឈ្មោះ ហ៊ាង អេងលាង (ម៉ាក Chevrolet ពណ៌ស ស្លាកលេខ ភ្នំពេញ 2BD-6057 ប្រេះកញ្ចក់ទ្វារក្រោយខាងឆ្វេង ម៉ាក Toyota Land Cruiser ពណ៌ស ស្លាកលេខ ភ្នំពេញ 2BF-8688 បែកកញ្ចក់ខាងក្រោយ) និងកាប់រថយន្តជនរងគ្រោះឈ្មោះ ហៀង ដាណែត (ម៉ាក Toyota Highlander ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2BK-8922 បែកកញ្ចក់ខាងក្រោយ និងបែកកញ្ចក់ទ្វារក្រោយខាងស្តាំ) និងរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-7491 ពេលនោះក៏ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ១ដើម បញ្ចូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចាត់ការបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកឃាត់ខ្លួនបុរសជនបង្កភ្លាមៗ បន្ទាប់មកឲ្យម្ចាស់រថយន្ត ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា ដើម្បីចាត់ការទៅលើជនបង្កតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២