លំអិតពីការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា 2021 សម្រាប់ជើងទី២

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា2021 សម្រាប់ជើងទី២នឹងអនុវត្តតាមរូបមន្ត Top 8 និង Last 5។ មានន័យថា ក្រុមមានពិន្ទុច្រើនជាងគេចំនួន៨ បន្ទាប់ពីចប់ជើងទី១ នឹងប្រជែងគ្នាយកតំណែងជើងឯក និងក្រុមមានពិន្ទុតិចជាងគេចំនួន៥ត្រូវប្រកួតគ្នាយកពិន្ទុគេចពីតំបន់កាត់ចោល។
សម្រាប់ការគិតពិន្ទុវិញ នឹងត្រូវរាប់បន្តពីជើងទី១ ហើយក្រុមមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតទាំងអស់ក្នុងចំណោម Top 8 នឹងទទួល បានតំណែងជើងឯក ប្រចាំឆ្នាំ២០២១ និងក្រុមមានពិន្ទុតិចជាងគេ ឬចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម Last 5 នឹងត្រូវបានកាត់ចោល។
ការប្រកួត Top 8 និង Last 5 នេះប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ ដោយមិនមានការផ្លាស់ទឹកដីទៅវិញទៅមកបន្តទៀតទេ។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 បានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែមីនា ម្ល៉េះ តែបានឆ្លងកាត់ការលើកពេលចំនួន២លើក ដោយសារការរាលដាលជំងឺកូវីដ១៩។ បើតាមគម្រោង ជើងទី១នឹងបិទបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ហើយជើងទី២នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា។
ការបែងចែកជា២ដំណាក់កាលនេះក៏ត្រូវបានប្រើប្រាស់ដែរក្នុងរដូវកាល២០២០កន្លងទៅ ដែលកាលណោះអនុវត្តតាមរូបមន្ត Top 6 និង Bottom 7៕
ប្រភពអត្ថបទ: CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២