យុវជនម្នាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មុខសាលាអនុវិទ្យាលយ័ហ៊ុនសែនជម្ពូវ័ន

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ឌុបគ្នាត្រូវរថយន្តធុនធំ មួយគ្រឿង បើកមកពីក្រោយ បុកហើយកៀរ បណ្តាលឱ្យដួល ខ្ទាតយុវជនម្នាក់ចូលក្រោមរថយន្ត ស្ថិតនៅតាមបណ្តោយជាតិលេខ៤ មុខសាលាអនុវិទ្យាលយ័ហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ងុំ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ឈ្មោះរ័ត្ន ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងជួលជុលម៉ាស៊ីនតាមរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ បុរសជាអ្នកបើករថយន្តបង្ក ឈ្មោះ ភឿង វណ្ណា អាយុ៣៨ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ន នៅភូមិ ថមល្អឃុំថមល្អ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1V 8305 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A-6633 ធ្វើដំណើរមកពីក្រោយ បានបើកកៀរបណ្តាលឱ្យម៉ូតូដួល ខ្ទាតមនុស្សចូលក្រោមរថយន្តកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ភ្លាមនោះរថយន្តបានព្យាយាមបើកគេចខ្លួនរហូតទៅដល់មហាវិថីវិមានឈ្នះឈ្នះត្រូវបានសមត្ថកិច្ចដេញឃាត់បានតែម្តង។

សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២