កម្លាំងទាហានឈុតខ្មៅថៃ ឃាត់ខ្លួន ពលករខ្មែរ ចំនួន៤៨នាក់ ខណៈដែលពួកគេ លបឆ្លងដែន តាមច្រករបៀង

ព្រំដែនកម្ពុជា – ថៃ ៖ កម្លាំងទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ ៥៤១ និង ៥៤៦ ដែលជាកម្លាំងការពារព្រំដែន បានធ្វើការឃាត់ខ្លួន ពលករខ្មែរ ចំនួន៤៨នាក់ ខណៈដែលពួកគេខំប្រឹងលបឆ្លងដែន តាមច្រករបៀង។ ការឃាត់ខ្លួនពលករខ្មែរទាំង៤៨នាក់នេះ ខណៈពលករខ្មែរទាំងអស់កំពុងធ្វើដំណើរនៅក្នុងចម្ការមៀន ស្ថិតក្នុងភូមិ៤ ឃុំក្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

ពលករខ្មែរ ចំនួន៤៨នាក់ ដែលបានបង់លុយឲ្យមេខ្យល់មុនអស់មួយចំនួន ដើម្បីបានឆ្លងដែនចូលទៅធ្វើការ នៅតាមចម្ការក្នុងទឹកដីថៃ ត្រូវទាហានថៃឃាត់ខ្លួនតែម្តង។

ពលករទាំង៤៨នាក់ គឺមានប្រុស១៨នាក់ ស្រី២៣នាក់ និងក្មេង៧នាក់ ដោយពួកគេបានសារភាពថា ការធ្វើដំណើរចូលមករកការងារធ្វើនេះ ត្រូវចំណាយឲ្យមេខ្យល់ក្នុងម្នាក់ ៤.៥០០ បាត ដោយគ្រាន់តែជូនដល់មាត់អូរព្រំដែនតែប៉ុណ្ណោះ តែត្រូវបង់ឲ្យគេមុនម្នាក់ ១.០០០ បាត ដោយក្នុងទិសដៅទៅបេះផ្លែមានតាមចម្ការក្នុងស្រុក ពោងណាំរ៉ន និងស្រុសយដាវ ក្នុងភូមិសាស្ត្រខេត្តច័ន្ទបុរី តែក៏ត្រូវចាប់ខ្លួនតែម្តង។

ភាគីថៃ បានប្រគល់ពលករទាំងអស់មកឲ្យភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័កទៅតាមកម្រិត។ ក្នុងការឃាត់ខ្លួនពលករទាំងអស់ បានបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីសដ-១៩ គ្រប់ៗគ្នា ដោយភាគីថៃបានកោតសរសើរដល់កម្ពុជា ដែលចាក់វ៉ាក់សាំងដល់ពលរដ្ឋឥតគិតថ្លៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២