ជិះម៉ូតូឌុបគ្នា លឿនពេកដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ជ្រុលទៅបុករបងវត្តព្រែកប្រា ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ យុវជន០២នាក់ជិះម៉ូតូឌុបគ្នា ដល់ផ្លូវកោង កាច់ចង្កូតបត់មិនទាន់ជ្រុលទៅបុករបងវត្តព្រែកប្រា បណ្តាលអោយយុវជម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោងជាង១ រំលងអាធ្រាត្រ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចជាប់ខាងជើងវត្តព្រែកប្រា តាមបណ្ដោយផ្លូវ ៣៦៩ ក្នុង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំងពីរនាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដា អាយខន ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1AV-4271។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុដែលជាផ្លូវកោង ដោយម៉ូតូរបស់ជនរងគ្រោះមានល្បឿនលឿនខ្លាំងពេកធ្វើឲ្យកាច់ចង្កូតបត់មិនទាន់ក៏ជ្រុលបុកនិងរបងវត្តព្រែកប្រាពេញទំហឹង។ បណ្ដាលឲ្យបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូរបានថយន្តរបស់គ្លីនិកឯកជន ដឹកយកទៅធ្វើការសង្គ្រោះ តែជាអកុសល ខណៈពេលដែលនៅតាមផ្លូវ បានដាច់ខ្យល់ស្លាប់។

សពជនរងគ្រោះទាំងពីរនាក់ មិនមានអត្តសញ្ញាណ សមត្ថកិច្ចជំនាញក៏បានប្រគល់សព ទៅអោយរថយន្តដឹកសព ដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំ ក្រុមគ្រួសារទៅទទួលយកនិងធ្វើបុណ្យទៅតាមប្រពៃណី។

ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២