កូរ៉េខាងជើងធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រកបដោយជោគជ័យ ខណៈអាមេរិកថាការទង្វើរបស់ទីក្រុងព្យុងយ៉ាងជាការគំរាមកំហែងប្រទេសជិតខាង និងអន្តរជាតិទាំងមូល

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ cruise missile កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈអាមេរិកភ្លាមៗក៏បានចេញប្រតិកម្មថា ការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាង និងសហគមន៍អន្តរជាតិទាំងមូល។

KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានេះតាមសារព័ត៌មាន រ៉យទើរបានឲ្យដឹងថា ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបញ្ជាក់ដូច្នេះថា «សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងនៅតែបន្តផ្ដោតលើការអភិវឌ្ឍកម្មវិធីយោធា និងបង្កការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាងរបស់ខ្លួន ព្រមទាំងសហគមន៍អន្តរជាតិទាំងមូល»។

គួរបញ្ជាក់ថា កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise missile នេះម្តងរួចមកហើយដែរ កាលពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបឡើងអង្គុយកៅអីសេតវិមាន បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ។ ការធ្វើតេស្តលើកនេះត្រូវបានគេមើលឃើញថា ជាការរំលឹកដល់ដំណើរជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរកាលពីឆ្នាំ២០១៩ ដែលកូរ៉េខាងជើងធ្លាប់បានធ្វើ ជាមួយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២