លោកហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងធម្មការទប់ស្កាត់ហានិភ័យនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃការឈានមកដល់នៃរដូវភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានកោះប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១ នេះ ផ្តោតសំខាន់លើសុខដុមនីយកម្មសាសនា ដែលធ្វើឱ្យសង្គមសុខសាន្តរស់នៅចុះសម្រុងគ្នា នៅក្នុងប្រទេសកម្ពុជា ក្នុងបរិបថនៃការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩។

មានប្រសាសន៍បើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមករបស់ក្រសួងធម្មការ និងសាសនា ក្នុងការដឹកនាំ គ្រប់គ្រងវិស័យធម្មការ និងសាសនា ដោយធានាបាននូវការថែរក្សា និងលើកតម្កើងព្រះពុទ្ធសាសនា ក៏ដូចជាសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ និងការជំរុញលើកកម្ពស់សុខដុមនីយកម្ម សាសនា និងការប្រតិបត្តិជំនឿរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះផងដែរ លោកហ៊ុន ម៉ានី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់គណៈកម្មការទី៧ ក្នុងនាមសេនាធិការជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា លើការពិនិត្យ តាមដាន ការអនុវត្ត និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងធម្មការ រួមមានការងាររៀបចំគោលការណ៍ប្រតិបត្តិនានាសម្រាប់ទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ក្នុងឱកាសនៃការឈានមកដល់នៃរដូវភ្ជុំបិណ្ឌ (សម្រាប់រយៈពេលខ្លី) និងការប្រតិបត្តិសាសនាទូទៅ (សម្រាប់រយៈពេលវែង និងសម្រាប់គ្រប់សាសនា)។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍ថា៖ “ទោះបីជាគណៈកម្មការទី៧ និងក្រសួងទទួលស្គាល់ថា យើងនៅមានកិច្ចការសំខាន់ជាច្រើននៅចំពោះមុខក៏ដោយ ក៏ស្ថាប័នទាំង២ ឯកភាពថា អាទិភាពចំពោះមុខ គឺការពួតដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់ឱ្យអស់លទ្ធភាព និងកម្លាំងសរុប ដើម្បីធ្វើយ៉ាងណារក្សាអាយុវជីវិត និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញឱ្យឈានដល់ការបើកសេដ្ឋកិច្ចជាតិឡើងវិញក្នុងប្រក្រតីភាពថ្មី។”

គណៈកម្មការទី៧ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំជាមួយក្រសួងនៅថ្ងៃនេះ និងបានចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាសន្ទនាដ៏មានប្រសិទ្ធភាពមួយក្នុងស្មារតីសហការ កែលម្អ និងមានទិសដៅរួមគ្នា ដើម្បីជំរុញអនុវត្តការងារក្នុងវិស័យធម្មការ និងសាសនា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ។ គណៈកម្មការទី៧ នឹងបន្តសហការ តាមដាន ពិភាក្សា និងគាំទ្រចំពោះការដាក់នូវក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងវិធានការជាដំណោះស្រាយរបស់ក្រសួងចំពោះវិស័យធម្មការ និងសាសនា ដើម្បីធានាបាននូវសុខុដុមនីយកម្ម ក្នុងវិស័យសាសនាក្នុងសង្គមជាតិយើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២