អភិបាលខេត្តបន្ទាយមានជ័យថ្មីចាប់ផ្ដើមដោះស្រាយកង្វល់របស់ពលរដ្ឋក្រោយឡើងកាន់ដំណែងបាន៣ថ្ងៃ

(បន្ទាយមានជ័យ) ៖ នៅលើបណ្ដាញសង្គមរបស់លោក អ៊ុំ មេត្រី អភិបាលខេត្តបន្ទាយមានជ័យថ្មី ដែលបានឡើងកាន់តំណែង​កាលពីថ្ងៃទី១០កន្លងទៅ បានបង្ហោះសកម្មភាពរបស់លោក ដែលបានចុះទៅមូលដ្ឋានហើយចាប់ផ្ដើមដោះស្រាយបញ្ហា​ដល់ប្រជាពលរដ្ឋ​។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា «បញ្ហាប្រឈម កង្វល់របស់មហាជន ប្រជាជន ដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់ នារសៀលថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៩នេះ ខ្ញុំបាទបានចុះពិនិត្យមើលស្ថានភាពប្រព័ន្ធរំដោះទឹក ដែលតែងតែធ្វើឲ្យមានទឹកជន់លិចខ្លាំងលើទ្រូងផ្លូវ និងក្នុងចំណតរថយន្តនៅចំណតរថយន្តក្រុងសិរីសោភ័ណ ឋិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ជាមួយជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្រុង~សង្កាត់ »។

លោកបន្តថា«ក្រោយពីការចុះពិនិត្យឃើញ និងតាមបច្ចេកទេស ក្រុមការងារជំនាញនឹងធ្វើការស្តារ និងរៀបចំប្រពន្ធលូរំដោះទឹកថ្មីឡើងវិញប្រវែង ៥១០ម៉ែត្រពីចំណុចចំណតរថយន្ត ទៅកាន់អាងចម្រោះទឹក»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News