ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់អត្ថន័យ រូបរាងសំពៅ និងប៉មកម្ពស់ ៩៩ម៉ែត្រទាំងពីរ ក្នុងរូបភាពសំណង់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ យោងតាមការបង្ហោះលើទំព័រហ្វេសបុកផ្លូវការរបស់គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ចាក់អត្ថន័យ រូបរាងសំពៅ និងប៉កម្ពស់ ៩៩ម៉ែត្រទាំងពីរ ក្នុងរូបភាពសំណង់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោបានមានប្រសាសន៍ថា « វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងក្រោមទស្សនទានប្រជាសាស្ត្រជាធំដែលជាគោលដៅបម្រើសុខមាលភាពសោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។

ក្នុងនោះធាតុផ្សំនៃអរិយធម៌ខ្មែរដ៏សម្បូរបែបត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា ៖ រូបរាងសំពៅ និមិត្តរូបដៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញជាទស្សនីយភាពថ្មី ប្លែក អស្ចារ្យ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់ ៩៩ម៉ែត្រជាសក្ខីភាព នៃថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព សាមគ្គី ភាព និងសន្តិភាពជាអមតៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាននេះ បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយតាមស្តង់ដារកីឡាអន្តរជាតិ អាចជួយឱ្យកម្ពុជាកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ពិសេសជាវិមានកីឡដ្ឋានស្តង់ដារសុវត្ថិភាពខ្ពស់ ដោយអាចជម្លៀសមនុស្ស ៦ម៉ឺននាក់ ក្នុងករណីមានហានិភ័យជាយថាហេតុ ដោយប្រើពេល ៧នាទីប៉ុណ្ណោះ »៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២