ក្រសួងសុខាភិបាល បន្តប្រកាសហាមឃាត់ គណនីហ្វេសប៊ុក ឈ្មោះ “DR.A សុខភាពធម្មជាតិ” ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការ ហាមឃាត់ គណនី ហ្វេសប៊ុក ឈ្មោះ “DR.A សុខភាពធម្មជាតិ” កំពុងផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាព MORINGA X PLUS គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

នៅក្នុងសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា ៖ គណនី ហ្វេសប៊ុក ឈ្មោះ «DRA សុខភាពធម្មជាតិ» កំពុងផ្សព្វផ្សាយ លក់ផលិតផល បំប៉នសុខភាព MORINGA X PLUS គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត ឱ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថាៈ ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាព ឬផលិតផល ដែលមានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺ គ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយ ផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាត ពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាព គ្មានលេខទិដ្ឋាការ ឬបញ្ចិកា ពីក្រសួងសុខាភិបាល ខាងលើ ជាបន្តទៀត ព្រោះផលិតផលនេះ គ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាន នូវគុណភាព និងសុវត្តិភាព បានឡើយ។

ក្រសួងសុខាភិបាល ក៏បានព្រមានថាៈ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ ដែលបានផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាព MORINGA X PLUS ទៅតាមច្បាប់វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងឱសថជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២