សហព័ន្ធប្រដាល់សកល រៀបចំការប្រកួតថ្មីមួយ ដើម្បីគោលដៅ ស៊ីហ្គេម ២លើកចំពោះមុខ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រកាសពីការប្រកួតថ្មីមួយ ដែលប្រសិទ្ធនាមឲ្យថា «ULTIMATE BOXING CHAMPIONSHIP 2021» សប្តាហ៍ទី១ នាថ្ងៃទី១៩ ខែកញ្ញា ដែលមាន៦ប្រកួត លើ៥ប្រភេទទម្ងន់ពី ៤៩ ដល់ ៦៤គីឡូក្រាម ដោយព្រឹត្តិការណ៍នេះ គឺជាការសម្រួចបច្ចេកទេសឆ្ពោះទៅប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២លើកចំពោះមុខ។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សំណូមពរដល់កីឡាករទាំងអស់ ដែលចូលរួមប្រកួតនេះ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យសហព័ន្ធស្វែងរកបាននូវធនធានល្អៗ ក្នុងដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។ លោកប្រធានសហព័ន្ធរូបនេះក៏បានរំឭកពីការដណ្តើមបានមេដាយសំរឹទ្ធ៥គ្រឿងពី ស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដែលនេះជាការខិតខំរួមគ្នា ជាពិសេសគឺការប្រឹងប្រែងរបស់កីឡាករជម្រើសជាតិតែម្តង។ ជាមួយគ្នានោះ លោកប្រធានក៏បានស្នើឲ្យកីឡាករគ្រប់រូប គោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ ប្រឹងប្រឹងការហ្វឹកហាត់ ក៏ដូចជាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ត្រូវបានធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅកម្ពុជា ឲ្យក្លាយជាប្រភេទកីឡាដ៏មានប្រជា ប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ។ សហព័ន្ធនៅតែខិតខំព្យាយាមយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឈានទៅទទួលបានជោគជ័យសម្រាប់ការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកអគ្គលេខាធិការបានបង្ហាញពីគោលបំណងនៃការប្រកួតនេះថា ជាការផ្តល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ចូលរួមការប្រកួតក្នុងស្រុកឲ្យបានច្រើន ដើម្បីពង្រឹងបច្ចេកទេសមុនឈានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣។ អភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីប្រដាល់សកលនៅតាមបណ្តាក្លឹប និងសមាគមក្រោមចំណុះសហព័ន្ធមុនចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។ ពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេស ឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ អភិវឌ្ឍធនធានកីឡាករ កីឡាការិនីនៅតាមបណ្តាក្លឹប និងសមាគម និងពង្រឹងសក្តានុពលវិស័យកីឡាប្រដាល់សកលនៅកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះ គ្រោងរៀបចំចំនួន ៦លើក រៀងរាល់ពីរសប្តាហ៍ នៅក្លឹបប្រដាល់នាយកដ្ឋានអង្គរក្សរបស់លោកគ្រូ ស៊ន អេលីត។ សម្រាប់ការរៀបចំកម្មវិធីប្រកួតលើកទី១ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាច ដោយមានចំនួន ៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើសជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លឹបប្រដាល់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២