រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖ ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញ ប្រកបដោយជោគជ័យ ចាំបាច់ពឹងផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព

ភ្នំពេញ ៖ ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញ ប្រកបដោយជោគជ័យចាំបាច់ ពឹង ផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវ កម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព។ នេះជាការថ្លែង របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេស ចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅតាម ស្ថានភាព សេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះមាន៖ ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ, ត្រូវពង្រឹង គុណភាព អនាម័យ និងសុវត្ថិភាព ក្នុងការផ្តល់សេវាកម្មនិងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការ បង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។

ជាលទ្ធផលនៃកិច្ចប្រជុំនេះអង្គសន្និបាតបានឯកភាពជារួមលើការដាក់ចេញទិសដៅអនុវត្តបន្ត ពិសេសផ្តោតសំខាន់ទៅលើ៖

១. ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបានស្ថិរភាព និងការបើកដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ ឡើងវិញ ជាពិសេសដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយនិរន្តរភាព ក្រសួងទេសចរណ៍ស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវធ្វើការសម្របខ្លួន និងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគោរពនិងអនុវត្តតាមវិធានសុវត្ថិភាពដែលមានធរមាន ជាពិសេសនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍។

២. គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវក្នុងនាមជាសេនាធិការនៃគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវសិក្សា និងវាយតម្លៃមូលដ្ឋានរាជធានីខេត្ត និងគោលដៅទេសចរណ៍អាទិភាព និងប្រជាប្រិយភាពក្នុងការបើកទទួលភ្ញៀវទេសចរ ប្រកបដោយសុវត្ថិភាពតាមរយៈការវាយតម្លៃ លើសូចនាករសមិទ្ធកម្មចំនួន ៤គឺ ៖ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងសហគមន៍។ អត្រានៃការរីករាលដាលជំងឺកូវីដ-១៩។ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី។ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍នៅមូលដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ជាអាទិ៍ ការអនុវត្តគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា SOP ការចាក់វ៉ាក់សាំងគ្រប់គ្រាន់របស់បុគ្គលិកបំរើការក្នុងមូលដ្ឋានអាជីវកម្ម ការយល់ដឹងពីការអនុវត្តវិធានសុវត្ថិភាព សុខាភិបាល អនាម័យ និងការប្រើប្រាស់បច្ចេកវិទ្យា ជាដំណោះស្រាយ (Technology) ស្របតាមគន្លងប្រក្រតីភាពថ្មី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២