ខេត្តព្រះសីហនុ ៖ ករណីលិចទូលនេសាទ ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឪពុកត្រូវបានជួយ ចំណែកកូនប្រុស បានលិចបាត់ទៅក្នុងសមុទ្រនោះ ត្រូវបានសមត្ថកិច្ច និងក្រុមជួយសង្រ្គោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ស្វែងរកសពឃើញហើយ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅម្តុំជិតកន្លែង ដែលទូកលិច
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ៖ នៅព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះ ឈ្មោះ ស៊ន មករា (ហៅ ឧត្តម) អាយុ១៤ឆ្នាំ ឃើញហើយ នៅម្តុំជិតកន្លែង ដែលទូកលិច។
លោកឧកញ៉ា បន្តថាៈ ប្រតិបត្តិការស្វែងរកជនគ្រោះ បានធ្វើឡើង ចាប់តាំងពីល្ងាច ថ្ងៃទី១៤ ខែកញ្ញា បន្តរហូតមកដល់ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទើបរកសាកសពជនរងគ្រោះ ឃើញ ក្រោយជនរងគ្រោះ បាត់ខ្លួនដោយសារលិចទូក នៅក្នុងសមុទ្រ ចម្ងាយពីដីគោក ជាង ១០០ ម៉ែត្រ ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមរំលឹកថា ទូកប្រជានេសាទ សមុទ្រប្រភេទទូកតូច មួយគ្រឿង បានចេញនេសាទ ជាលក្ខណៈគ្រួសារ កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក៏ជួបនិងព្យុះសមុទ្រ បោកបក់ទូកនេសាទបណ្តាលអោយលិច ធ្វើឲ្យបុរសពីរនាក់ ឪពុកនិងកូនលង់ទឹក ប៉ុន្តែឪពុក ត្រូវបានសង្គ្រោះ ចំណែកកូនប្រុស បានបាត់ខ្លួន ក្នុងដែនសមុទ្រ លុះដល់ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើប សមត្ថកិច្ច និងក្រុមសង្គ្រោះ រកឃើញសាកសពមកវិញ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕


