ផុសវីដេអូ លើ Tik Tok ជេរប្រមាថមើលងាយសមត្ថកិច្ច បុរសម្នាក់ ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:

ភ្នំពេញ ៖ កុំចេះតែហ៊ាន និងអោយរៀងថ្ងៃក្រោយ ក្រោយពី បង្ហោះវិដេអូរ ជេរប្រមាថមើលងាយសមត្ថកិច្ច នៅលើបណ្តាញសង្គម Tik Tok ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ហើយ។ នេះបើតាមបញ្ជាក់ ពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានកោះហៅ បុរសម្នាក់រូបនេះ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:ហើយ។

លោកបន្តថា បន្ទាប់ពីបានឃើញវីដេអូ ដែលបានចុះផ្សាយ ក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេប្រមាថមើលងាយ យ៉ាងធ្ងន់ធ្ងរមកលើសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នោះ។

លោកសាន សុខសីហា បានឲ្យដឹងបន្តថា បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណ ជនដែលបង្ហោះព័ត៌មានប្រមាថមកលើសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅចូលខ្លួន ដើម្បីទទួលកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ ជាពិសេស គឺបានថតជាវីដេអូ ដើម្បីធ្វើការសុំទោសជាសាធារណៈ ចំពោះទង្វើដែលសង្គម ស្អប់ខ្ពើមនេះផងដែរ។ ការបង្ហោះព័ត៌មានមិនពិត មានលក្ខណ:មើលងាយ មកលើសមត្ថកិច្ចនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើ សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២