ថៃ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្បែរបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេកំពុងលួចឆ្លងដែន ចេញពីកម្ពុជាចូលទៅក្នុងប្រទេសខ្លួនវិញ

ព្រំដែន ថៃ-កម្ពុជា ៖ តម្រួតការពារព្រំដែនថៃលេខ ១២ សហការជាមួយកម្លាំងទាហានឈុតខ្មៅការពារព្រំដែន ធ្វើការឃាត់ខ្លួន ជនជាតិថៃចំនួន០៥នាក់ នៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេកំពុងលួចឆ្លងដែន ត្រឡប់ចូលទៅក្នុងប្រទេសខ្លួនវិញ កាលពីម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច លើកំណាត់ផ្លូវសិរីភិន ក្នុងភូមិ១ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលពួកគេបានធ្វើដំណើរ ផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ទៅហើយ និង ស្របពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ផងនោះ។

ក្រោយពេលឃាត់ខ្លួន ពួកគេបានអះអាងថា ការលបឆ្លងដែនត្រឡប់ចូលមកស្រុកកំណើតវិញនេះ គឺដោយសារពួកគេចាញ់បោកមេខ្យល់ ដែលបាននាំទៅធ្វើការនៅក្នុងវេបសាយល្បែងភ្នាល់ ក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយគេប្រាប់ថា ពួកគេមានគ្នា៥នាក់ (ប្រុស០២នាក) ពេលទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ប៉ុន្តែពេលទៅផ្ទាល់វាមិនដូចពាក្យសន្យា ទើបពួកគេសម្រេចត្រឡប់ចូលទៅប្រទេសថៃវិញតាមច្រករបៀង ប៉ុន្តែមិនទាន់បានទៅដល់ផ្ទះផងក៏ត្រូវចាប់ខ្លួន។

ពួកគេទាំង៥នាក់ បន្តថា ពួកគេរស់នៅក្នុងខេត្តស្រះកែវទាំងអស់គ្នា ដោយចង់រកការងារធ្វើ តែមិនបានដូចបំណង ត្រូវចាញ់បោកមេខ្យល់ទៀត។ បើទោះបីជាមានការវិលត្រឡប់ចូលទឹកដីថៃវិញក៏ដោយ ក៏សមត្ថកិច្ចបានលើកឡើងថា ខុសនឹងច្បាប់ ព្រោះពួកគេមិនបានចេញ-ចូលតាមច្រកត្រឹមត្រូវ ដើម្បីឲ្យសមត្ថកិច្ចត្រួតពិនិត្យ។

បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២