វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដឹកមកដល់កម្ពុជា ថ្ងៃនេះចំនួន៣លានដូស និងនៅថ្ងៃ២៨ ចំនួន៣លានដូសទៀត ជាការបញ្ជាទិញបន្ថែម របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃនេះចំនួន៣លានដូស និងនៅថ្ងៃ២៨ នឹងមកដល់៣លានដូសទៀត ជាការបញ្ជាទិញបន្ថែម របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ វ៉ាក់សាំង ៣លានដូសទៀតដែលមកដល់កម្ពុជានៅថ្ងៃទី២៨ ខែកញ្ញានេះ ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដើម្បីយកចាក់សម្រាប់កុមារអាយុ៦ ដល់ក្រោម១២ឆ្នាំ និងដូសជំរុញ ដែលប្រមុខរដ្ឋាភិបាល លោកបានសម្រេចដាក់ចេញជាផ្លូវការ។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្ថែមថា៖ “យើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន តាមការប្រកាសរបស់រដ្ឋាភិបាលចិន។ ដូចនេះនៅខែតុលា កម្ពុជានឹងទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសចិនបន្ថែមទៀត។ អ៊ីចឹងយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងកូនក្មេង និងមនុស្សចាស់ ដែលរាជរដ្ឋភិបាលបានកំណត់”។

លោកស្រី យក់ សម្បត្តិ បន្ថែមថា ៖ “សរុបមកវ៉ាក់សាំងទាំងនៅថ្ងៃនេះ និងនៅថ្ងៃទី២៨ ទៀត វ៉ាក់សាំងទាំងអស់ គឺ ៣៥,៥ លានដូស ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំងបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា”។

គួរបញ្ជាក់ថា របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
. ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ៖
-អ្នកចាក់ដូសទី១ ចំនួន ៩ ៨៦១ ៩៨៥ នាក់
-អ្នកចាក់ដូសទី២ ចំនួន ៩ ១៥៦ ៨៦១ នាក់
ស្មើនឹង ៩៨.៦២% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
-អ្នកចាក់ដូសទី៣ ចំនួន ៨៥៥ ០៤៥ នាក់។

. កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ៖
-អ្នកចាក់ដូសទី១ ចំនួន ១ ៧៤៤ ៩៤៧ នាក់
-អ្នកចាក់ដូសទី២ ចំនួន ១ ៥៤៩ ៩៧៧ នាក់
ស្មើនឹង ៨៨.៧១% នៃក្រុមគោលដៅសរុបជិត ០២លាននាក់។

.កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ៖
-អ្នកចាក់ដូសទី១ ចំនួន ១ ២១៦ ៩៣៦ នាក់
ស្មើនឹង ៦៤.១៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨០.១៥%៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២