សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

(ភ្នំពេញ) ៖  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ។

ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ និងសូមអបអរសាទរចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ហើយគោរពចាតទុកសម្តេចជាអ្នករួមចំណែកដ៏សំខាន់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

តាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនេប៉ាល់ ថ្វាយព្រះពរបវរមហាប្រសើរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ បានជម្រាបជូនអំពី ស្ថានភាពទូទៅរបស់ប្រទេសនេប៉ាល់ ជាពិសេស ប្រទេសនេប៉ាល់ក៏មានប្រព័ន្ធសភាពីរថ្នាក់ ដូចប្រទេសកម្ពុជាដែរ គឺសភាតំណាង និងរដ្ឋសភា។ ឯកឧត្តមមានសេចក្តីសង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងធ្វើការទំនាក់ទំនង និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសសភានៃប្រទេសទាំងពីរបានបង្កើតក្រុមមិត្តភាពទ្វេភាគី ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តមយករដ្ឋមន្ត្រីនេប៉ាល់ បានរំលឹកថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយនឹងគ្នាតាំងពីយូរលង់ណាស់មកហើយ មានមូលដ្ឋានវប្បធម៌ អរិយធម៌ និងប្រពៃណីប្រហាក់ប្រហែលគ្នា។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានទៅទស្សនកិច្ចនៅខេត្តសៀមរាប ឃើញថាបា្រសាទអង្គរវត្តមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រាសាទនានានៅក្នុងប្រទេសនេប៉ាល់ ហើយការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋមានភាពស្រដៀងគ្នា ប្រជាជនមានការរួសរាយរាក់ទាក់ ជាពិសេសប្រទេសទាំងពីរមានជំនឿលើព្រះពុទ្ធសាសនាដូចគ្នា។

ក្នុងនាមគណៈប្រតិភូ ឯកឧត្តមនាយករដ្ឋមន្រ្តី បានប្រសិទ្ធពរសូមឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានវិបុលភាពខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-នេប៉ាល់ មានប្រវត្តិប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន និងការពារប្រទេសពីការគំរាមកំហែងពីខាងក្រៅ ហើយប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសការឆ្លងកាត់នូវរបបប្រល័យពូជសាសន៍។ ប្រទេសនេប៉ាល់ សូមចូលរួមរំលែកទុក្ខការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍នេះ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្ដូរ ហើយធុរកិច្ចនៅប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ អ្វីៗដែលឯកឧត្តមធ្លាប់បានឃើញពីមុនមក ប្រទេសកម្ពុជាសុទ្ធតែមានការផ្លាស់ប្តូរប្រែប្រួលទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ប្រទេសនេប៉ាល់ធ្លាប់ជួបការលំបាក និងជម្លោះផ្ទៃក្នុង មុននឹងឆ្ពោះទៅរកបានសន្តិភាព និងការបង្រួបបង្រួមជាតិនាំឱ្យបង្កើតបាននូវស្ថាប័ននីតិប្បញ្ញត្តិ និងរដ្ឋាភិបាល តាមរយៈការបោះឆ្នោត។ សព្វថ្ងៃនេះ ប្រទេសនេប៉ាល់កំពុងតែខិតខំអនុវត្តតាមរដ្ឋធម្មនុញ្ញ ដើម្បីធានានូវសន្តិភាពទូទាំងប្រទេស។ នៅក្នុងឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ក៏មានការកើនឡើងរហូតទៅដល់ ៧ភាគរយ នាំឱ្យកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប្រទេសនេប៉ាល់កំពុងតែខិតខំកៀងគរអ្នកវិនិយោគទុនពីខាងក្រៅប្រទេស ដើម្បីជំរុញបន្ថែមទៅលើការវិនិយោគទុននៅក្នុងប្រទេសដែលមានស្រាប់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ក្នុងពេលវេលាសមស្របណាមួយ។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម និងគណៈប្រតិភូទាំងអស់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ មានសារៈសំខាន់ និងបានរួមចំណែកដ៏ធំធេងដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងនាំមកនូវឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន ក៏ដូចជា អនាគត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ និងព្រះរាជបណ្តាំសួរសុខទុក្ខចំពោះលោកជំទាវប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូត មានរយៈពេល៥៥ឆ្នាំមកហើយ ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយស្នាព្រះហស្តព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំនេប៉ាល់ជំនាន់មុន។ ទំនាក់ទំនងនេះត្រូវបានខិតខំបន្តពូនជ្រំឱ្យកាន់តែស៊ីជម្រៅថែមទៀតដោយថ្នាក់ដឹកនាំជំនាន់ក្រោយ។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តដោយបានមើលឃើញពីការរីកចម្រើននៃចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិ-បាលប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ កម្ពុជា-នេប៉ាល់ បានបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ ការគាំទ្រនេះ បានជះឥទ្ធិពលជាវិជ្ជមានដល់ការរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រមុខរដ្ឋស្តីទី បានជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ និងទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ ជាការក្រាលផ្លូវឆ្ពោះទៅកាន់សករាជរុងរឿងនៃទំនាក់ទំនងប្រទេសទាំងពីរ និងជាកាលានុវឌ្ឍភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយវឌ្ឍនភាព វិបុល-ភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរក្នុងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វប្បធម៌ អប់រំ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឱ្យបានកាន់តែមានការរីកចម្រើនឡើងថែមទៀតនៅក្នុងពេលអនាគត។ ជាមួយគ្នានេះដែរ សម្តេចបានសម្តែងនូវការអបអរសាទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេប៉ាល់ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសនេប៉ាល់ ប្រជាជននេប៉ាល់នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ សម្តេចប្រមុខរដ្ឋស្តីទី បានផ្តាំផ្ញើនូវការសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានអំពីសម្តេចជូនចំពោះឯកឧត្តមប្រធានសភាជាន់ខ្ពស់ និងលោកជំទាវ។ ជាមួយគ្នានេះ សម្តេចសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជា និងសភាជាន់ខ្ពស់ នេប៉ាល់ នឹងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។

នៅក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានអញ្ជើញឯកឧត្តមប្រធានសភាជាន់ខ្ពស់នេប៉ាល់ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News