អាជ្ញាធរមានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកស្ទឹងមង្គលបូរីនិងទឹកស្ទឹងសិរីសោភ័ណ បានបន្តហក់ឡើងដ៏គំហុក

ខេត្តបន្ទាយមានជ័យ ៖ យោងប្រភពមន្ត្រីនិងពលរដ្ឋអោយដឹងនាយប់ថ្ងៃទី២៣ខែកញ្ញា បានអោយដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានប្រកាសឱ្យពលរដ្ឋនិងអ្នកទាំងឡាយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកស្ទឹងមង្គលបូរីនិងទឹកស្ទឹងសិរីសោភ័ណដែលជាស្ទឹងធំបង្អស់ហូរកាត់ភូមិសាស្ត្របន្ទាយមានជ័យ បានបន្តហក់ឡើងដ៏គំហុក។ ពោលគឺមិនត្រឹមទឹកខ្ជាក់ចេញពីពោះស្ទឹងទេ តែវាបានហូររាចនិងបុកផ្ទប់នឹងទឹកដែលស្រុងចុះពីប្រភពនានាមកទៀត។ មកទល់យប់ថ្ងៃទី២៣ខែកញ្ញានេះ ភ្លៀងក៏បន្តធ្លាក់ខ្លាំងនៅស្ទើរគ្រប់ដណ្តបភូមិសាស្ត្រខេត្ត។

មន្ត្រីអាជ្ញាធរ កងកម្លាំងនិងក្រុមការងារយុវជនបានបន្តមមាញឹកជន្លៀសពលរដ្ឋដែលរស់នៅបណ្តោតដងស្ទឹងទាំងពីរ ចំនួន២០គ្រួសារដំបូងនៅឃុំបត់ត្រង់។ ហើយចំនួននេះបន្តកើនឡើងពីលំនៅដ្ឋានដែលលិចដោយទឹកជំនន់និងជំនន់ទឹកភ្លៀងផង។

សម្រាប់ក្រុងក្រុងសិរីសោភ័ណ ពលរដ្ឋដែលរងផលប៉ះពាល់ពីការជន់លិចទីធ្លានិងលំនៅឋានគឺមាននៅផ្នែកនៃសង្កាត់ទឹកថ្លា អូរអំបិល ព្រះពន្លា កោះពងសត្វនិងភ្នៀត។ ចំណែកស្រុកមង្គលបូរី គឺពលរដ្ឋនៅផ្នែកនៃឃុំសឿ ចំណោម រហាត់ទឹក បត់ត្រង់និងឬស្សីក្រោក។ ពលរដ្ឋដែលមិនទាន់ជន្លៀស ក៏ស្ថិតក្នុងការរៀបចំត្រៀម ប្រុងជើងការជាស្រេចដែរ។

ទោះជាយ៉ាងណា លោកអ៊ុ រាត្រី នៅពេលចុះជាមួយមន្ត្រីដើម្បីផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ តង់ជម្រក លោកបាននិយាយបន្ធូរក្តីបារម្ភថា ៖ ស្ថានភាពទឹកតាមដងស្ទឹងមង្គលបូរីនុងស្ទឹងសិរីសោភ័ណ ក៏ដូចតាមអមផ្លូវវាងក្រុង មិនទាន់មានអ្វីធ្ងន់ធ្ងរពេកទេ ។ប៉ុន្តែបានត្រៀមកម្លាំងនិងមធ្យោបាយសរុប ដើម្បីឆ្លើយតបគ្រោះមហន្តរាយពីទឹកជំនន់នេះហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២