ជិះម៉ូតូលឿបពេក មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលដែកស្លាកសញ្ញា យុវជនម្នាក់ផុងលលាដ៍ក្បាល ស្លាប់ទាំងព្រឹកព្រលឹម

ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូលឿបពេក មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលដែកស្លាកសញ្ញា បណ្ដាលឲ្យផុងលលាដ៍ក្បាលខាងក្រោយ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

សពជនរងគ្រោះខាងលើនេះ មានឈ្មោះផេង សុខ មករា អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki step ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1R-5141 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតបុកនិងចិញ្ចើមផ្លូវ ខ្ទាតទៅបុកនឹងបង្គោលដែកស្លាកសញ្ញា បណ្ដាលឱ្យ ផុងលលាដ៍ក្បាលខាងក្រោយ ហូរឈាមស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត សហការជាមួយនឹងកម្លាំងជំនាញចរាចរណ៍ខណ្ឌ ៧មករា បានចុះមកពិនិត្យនិងវាស់វែង នៅកន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា។

សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២