ថៃកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៧ ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ចំនួន ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន

បាងកក៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍គ្រោងនឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកត្រឹម ៧ ថ្ងៃ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន ។

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា បច្ចុប្បន្នការកាត់បន្ថយការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមក ៧ ថ្ងៃនឹងជួយលើកស្ទួយសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសថៃ ។

លោក Opas បញ្ជាក់ថា យោងតាមច្បាប់ដែលបានស្នើនេះ អ្នកដំណើរអន្តរជាតិដែលមានវិញ្ញាបនបត្រចាក់វ៉ាក់សាំងនឹងនៅតែត្រូវធ្វើតេស្តរកជំងឺកូវីដ -១៩ នៅពេលមកដល់ និងមុនពេលចាកចេញពីការធ្វើចត្តាឡីស័ក ។ ចំណែកអ្នកទេសចរតាមអាកាសដែលគ្មានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងពេលមកដល់ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ខណៈអ្នកដែលមកដល់តាមផ្លូវគោកនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។

ស្របពេលជាមួយគ្នានេះ មន្រ្តីថៃក៏បានបង្ហាញពីការពន្យាពេលចំពោះគម្រោងដែលបានប្រកាសពីមុន ដើម្បីលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរទៅកាន់ខេត្តមួយចំនួន រួមទាំងទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ចាប់ពីថ្ងៃទី ១ ខែតុលា ដោយលើកឡើងពីការខកខានមិនបានបំពេញតាមការចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយសម្រាប់ប្រជាជនក្នុងតំបន់ ។ ប៉ុន្តែគោលដៅទេសចរណ៍មួយចំនួន រួមទាំងកោះរមណីយដ្ឋានភូកេត បានអនុញ្ញាតឲ្យអ្នកទេសចរដែលគ្មានមេរោគអាចចូលដោយគ្មានការធ្វើចត្តាឡីស័ករួចហើយ ។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥២៤,៦១៣ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,៨៨៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣៨០,៣៦២នាក់។ គិតត្រឹមដើមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៤.៧លានដូស ក្នុងនោះប្រជាជន ១៥.១លាននាក់ (២១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២