ខេត្តបន្ទាយមានជ័យ ៖ ចាប់បានហើយ មេខ្យល់ដែលលួចដឹកពលករឆ្លងដែនទៅថៃដោយខុសច្បាប់តាមគោយន្តកន្ត្រៃ ១គ្រឿង ដោយត្រូវបាន កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឈរជើងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា មេខ្យល់ម្នាក់ដែលត្រូវបានឃាត់ខ្លួន ឈ្មោះឈុន ឆឺត អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយការឃាត់ខ្លួនមេខ្យល់ បាននៅវេលាម៉ោង ៥រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមពលករ ទាំង១៤នាក់ ក្នុងនោះមានស្រ្តីចំនួន ៨នាក់ កុមារា ១នាក់ ពួកគេមានបំណងលួចឆ្លងដែនទៅរកកាងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់។
ក្រោយពីកងកម្លាំងឃាត់ខ្លួន មេខ្យល់ រូបនោះបានប្រគល់ទៅឲ្យស្នាក់ការសន្តិសុខ ៨៨៨ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកពលករទាំង ១៤នាក់ ត្រូវបានលោក យ៉ង់ យឺន អភិបាលរងស្រុកថ្មពួក ធ្វើកិច្ចសន្យា ហើយអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។
លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា តាមការសាកសួរមេខ្យល់ បានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករ តាមគោយន្តកន្ត្រៃបម្រុងលួចឆ្លងដែន ទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយពលករម្នាក់យកតំលៃឈ្នួល ១.៣០០បាត។ ក្រោយឃាត់ខ្លួនហើយ សមត្ថកិច្ចបានបញ្ជូនខ្លួនមេខ្យល់រូបនេះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដាក់ទោសទៅតាមច្បាប់៕

