មេឈ្មួញរកស៊ីរណ្តៅដីជាមន្ត្រីប៉ូលីស ចាន់ វិទូ អត់ខ្វល់ បើទោះបីដល់ថ្ងៃឱសានវាទ ដែលអភិបាលខេត្តកណ្តាលទុកពេលឲ្យធ្វើផ្លូវសងពលរដ្ឋដូចដើមវិញ

ភ្នំពេញ ៖ ទោះបីជាដល់ថ្ងៃដែលឯកឧត្តមអភិបាលខេត្តកណ្តាលបានដាក់ឱសានវាទរយៈពេលដល់ទៅ១០ថ្ងៃ ឲ្យមន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ ធ្វើផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់វិញ ក្រោយពីមន្រ្តីប៉ូលិសជើងខ្លាំងរូបនេះ បានយកគ្រឿង ចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា នេះឈ្មោះ ចាន់ វិទូ គឺមិនបានធ្វើតាមការណែនាំ របស់ឯកឧត្តមអភិបាលខេត្តកណ្តាលនោះទេ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាននៅល្ងាចថ្ងៃទី២៨ ខែកញ្ញានេះថារហូតមកដល់ពេលនេះ មន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ មិនបានធ្វើផ្លូវជូនប្រជាពលរដ្ឋក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ នៅឡើយទេ បន្ទាប់ពីអភិបាលខេត្តបានទុកពេល ១០ថ្ងៃ ដើម្បីធ្វើផ្លូវជូនប្រជាពលរដ្ឋ ដោយគិតចាប់ពីថ្ងៃ១៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

បើយោងតាមគេហទំព័ររស្មីកាសែតកម្ពុជា បានអោយដឹងថា ទាក់ទងករណីនេះ លោកគង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាលមិនអាចសុំការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី២៨ ខែកញ្ញា។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ មកពីភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នាតវ៉ាមុខសាលាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីសុំអន្តរាគមន៍ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយពាក់ព័ន្ធទៅនឹងករណីមន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ ដែលមានតួនាទីជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។ ការតវ៉ារបស់ប្រជាពលរដ្ឋនៅមុខសាលាខេត្តកណ្តាល គឺមានលើកបដារកាន់រូបសម្តេចតតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ដល់ពួកគាត់។
បន្ទាប់ពីមានការប្រមូលផ្តុំតវ៉ាមុខសាលាខេត្តកណ្តាល អភិបាលខេត្តកណ្តាលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលជួបពិភាក្សាដើម្បីស្តាប់អំពីដំណើររឿង។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកកៀនស្វាយ ត្រូវជូនដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះ ទុកពេលឲ្យជួយជុលធ្វើផ្លូវដែលបានកាយនោះឡើងវិញក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមនោះរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ប្រជាពលរដ្ឋជាង ១០០ គ្រួសារ បានសំដែងនូវការអបអរសាទរ និងថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូនពួកគាត់ ដែលនេះសបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តកណ្ដាល គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ចំណែកលោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ បានឲ្យដឹងថា រដ្ឋបាលស្រុក បានចាត់ក្រុមការងារស្រុក ចុះពិនិត្យអង្កេតឃើញថាផ្លូវមួយខ្សែដែលប្រជាពលរដ្ឋបានស្នើសុំជួយអន្តរាគមន៍គឺពិតជាផ្លូវសាធារណៈដែលប្រជាពលរដ្ឋ បានប្រើប្រាស់តាំងពីបូរាណមក។រដ្ឋបាលស្រុកធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះ មកដោះស្រាយ ពីរលើកមកហើយ ប៉ុន្តែគាត់ពុំដែលបានមកចូលរួមដោះស្រាយនោះទេ។

លោក កូវ ផាន់នី បានបញ្ជាក់ថា “ខ្ញុំឮសូរថាឈ្មោះ ចាន់ វិទូ យកឈ្មោះអ្នកធំមកអាង ឯកឧត្តមយឹម លាង ប៉ុន្តែខ្ញុំជឿថា ប្រហែលជាគាត់ប្រឌិតពាក្យសំដីខ្លួនគាត់ទេមើលទេ ពីព្រោះលោកធំទាំងនោះគាត់យកតួនាទីគាត់បម្រើរាស្ត្រ មិនមែនមកជាន់រាស្ត្រដូចជាពាក្យសំដីគាត់និយាយទេ ខ្ញុំជឿថា ពាក្យនេះ គាត់យកមកគំរាមកំហែងប្រជាពលរដ្ឋទេ។ ឈ្មោះ ចាន់ វិទូ ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ហើយគាត់យកតួនាទីនេះមិនមែនបម្រើរាស្ត្រទេ មកធ្វើបាបរាស្ត្រ។ ពួកខ្ញុំឮសូរតែឈ្មោះអ្នកធំមានលុយមានអំណាច ពួកខ្ញុំមានការភ័យខ្លាំងបំផុតបានរត់មករកលោកអភិបាលខេត្ត”។
តាមតំណាងពលរដ្ឋរូបនេះបានប្រាប់ថា ផ្លូវដែលលោក ចាន់ វិទូ ជីកផ្តាច់ និងកាយយកអាចម៍ដីលក់នោះជាផ្លូវចាស់ ដែលពលរដ្ឋមានដីនៅអមសងខាងផ្លូវ បានបរិច្ចាកដីរបស់ខ្លួន ដើម្បីពង្រីកផ្លូវទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ បានធ្វើតំណើរស្រួល ខ្ពស់ផុតទឹក ទៅរកត្រី បេះបន្លែ សម្រាប់អាស្រ័យផល និងការចូលទៅទីគោរពបូជាលោកតាម្ចាស់ស្រុកជាដើម។

លោក កូវ ផាន់នី ថា ក្រោយឈ្មោះ ចាន់ វិទូ កាយផ្លូវផ្តាច់ហើយ មិនអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញចូលឡើយ ទើបពួកគាត់ជាប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្ត លើកគ្នាតវ៉ាជាបន្តបន្ទាប់នៅទីតាំងដីជាក់ស្តែង នៅសាលាឃុំ សាលាស្រុកកៀនស្វាយ និងនៅថ្ងៃនេះមានការតវ៉ាមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំអភិបាលខេត្ត លោកជួយពលរដ្ឋ បានផ្លូវរួមភូមិបុរាណមួយនេះ យកមកប្រើប្រាស់ជាប្រយោជន៍រួមវិញ។

តាមរយៈមេធាវីតំណាងឲ្យលោក យឹម លាង បានបញ្ជាក់ ថា “ឯកឧត្តម យឹម លាង មិនដែល ស្គាល់ និងមិនដែលមាន ទំនាក់ទំនងជាមួយបុគ្គលឈ្មោះ ចាន់ វិទូ នោះទេហើយមេធាវីកំពុងតែរៀបចំឯកសារភស្តុតាងដើម្បីចាត់ការតាមផ្លូវច្បាប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២