ខេត្តបាត់ដំបង ៖ មេខ្យល់៧នាក់ និងពលករប្រមាណ១៣០នាក់ បម្រុងឆ្លងដែនទៅថៃ ត្រូវសមត្ថកិច្ចចុះ បង្ក្រាបនិងឆែកឆេរ ក្នុងផ្ទះសំណាក់ នៅស្រុកកំរៀង នៅ៥ទីតាំងផ្សេងគ្នា។ ការចុះឆែកឆេរ និងបង្ក្រាបនេះ ធ្វើឡើង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មុនពេលពួកគេប្រុងឆ្លងដែន ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។
លោក ម៉ង់ ស៊ី មេបញ្ជាការនគរបាលការពារព្រំដែនគោក វរ:សេនាតូច៨១៩ បានប្រាប់ថា ក្រោយមានសេចក្ដីរាយការណ៍ហើយនោះ លោក និងកម្លាំងចម្រុះបានចុះធ្វើការបង្ក្រាបពលករខ្មែរដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ចំនួន០៥ទីតាំងផ្សេងគ្នាដោយសង្ស័យថា ពួកគេប្រុងឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅទឹកដីប្រទេសថៃ។
របាយការណ៍ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មានមនុស្សចំនួន១៣០នាក់ ក្នុងនោះ៧នាក់ សង្ស័យជាមេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់។ ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន
និងសាកសួរ គឺមានមនុស្ស១២៣នាក់ បានសារភាពថា ពួកគេពិតជាបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែន។ ចំណែកជនសង្ស័យចំនួន៧នាក់ ដែលសមត្ថកិច្ចសង្ស័យថា ជាមេខ្យល់ ត្រូវសាកសួរបន្ត។
ក្នុងរបាយការណ៍ ដដែលបញ្ជាក់ថា ពលករទាំង១២៣នាក់ ក្រោយពីសាកសួរចប់ កម្លាំងជំនាញធ្វើការអប់រំណែនាំ ពីការទៅធ្វើចំណាកស្រុករកការងារធ្វើដោយខុសច្បាប់ នៅប្រទេសជិតខាង វាមិនងាយស្រួលទេ ពោលពិបាកទាំងការហូបចុក ពិបាកទាំងការរស់នៅ ហើយម្យ៉ាងទៀត បច្ចុប្បន្នប្រទេស នីមួយៗកំពុងតែប្រឈមនិងជំងឺឆ្លងកូវីដ-១៩ ដែលតាថ្មីរីករាលដាលផងនោះ ដូច្នេះសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការធ្វើដំណើរទៅទីជិតឆ្ងាយសូមឲ្យគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និយាយឱ្យចំ កុំភ្លេច៣កុំ ៣ការពារ ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំ រួចក៏បញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលតាបំប្លែងខ្លួនថ្មិ នឹងឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ៕


