លោកឱម យ៉ិនទៀង : រឿងប៉ូលិសវ៉ៃមន្ត្រីកិច្ចសន្យា ACU មិនទាន់ដោះស្រាយ(មានវីដេអូ)

(ភ្នំពេញ) ៖ ករណីក្រុមមន្ត្រីប៉ូលិសខណ្ឌដង្កោព្រួតគ្នាប្រើអំពើហិង្សាទៅលើមន្ត្រីកិច្ចសន្យា នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
រហូតមក​​ដល់ពេលនេះ នៅមិនទាន់ត្រូវបាននគរបាលដោះស្រាយនៅឡើយ។

ជនរងគ្រោះឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាមន្ត្រីជាប់កិច្ច​សន្យា​នៃអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែឧសភា នេះថា “លោក ឃឹម ខុម មន្ត្រីជាប់កិច្ចសន្យា ACU ដែលរបួសដោយនគរបាលវាយ មិនទាន់ត្រូវបាននគរបាលដោះស្រាយនៅឡើយ។ អ្នកភូមិគាត់ប្រហែល​ជានឹងប្រតិកម្មនាពេលខាងមុខ”។

ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ថា អគ្គស្នងការនគរបាល​ជាតិនឹងត្រួតពិនិត្យលើករណីនេះ ហើយបើមានពិតប្រាកដមែន នឹងដាក់វិន័យនគរបាល ឬចាត់វិធានការតាមច្បាប់។ ដោយអគ្គស្នងការនគរបាលជាតិបានបញ្ជាក់យ៉ាងដូច្នេះថា “ឲ្យតែមានពាក្យបណ្តឹងយើងនឹងចាត់ការត្រួតពិនិត្យតាមវិន័យនគរបាល ឬក៏តាមច្បាប់វិធានការតាមច្បាប់បើមានពិតប្រាកដចឹងមែន”។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោទង្វើព្រៃផ្សៃរបស់ប៉ូលិសខណ្ឌដង្កោ ព្រោះខ្លួនជាអ្នកអនុវត្តច្បាប់បែរជាប្រព្រឹត្តអំពើបំពានច្បាប់ បើថាប្រជាពលរដ្ឋខុសចាប់យកទៅអនុវត្តតាមច្បាប់ទៅ មិនគួរប្រើច្បាប់ព្រៃបែបនេះទេ។

នៅក្នុងពាក្យបណ្ដឹងរបស់លោកឃឹម ខុម ដាក់ប្តឹងទៅលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ គឺបានប្ដឹងមន្ត្រីនគរបាលជាអធិការរងនគរបាលខណ្ឌដង្កោ និងមន្ត្រីនគរបាល​ប៉ុស្តិ៍ដង្កោចំនួន៤រូប ពីបទ​ប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី ៩ខែមេសា ឆ្នាំ២០១៩ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ខណៈលោកកំពុងបើករថយន្តម៉ាក Prius តាមផ្លូវ៥០ម៉ែត្រ ក៏ស្រាប់តែមាន​រថយន្តមួយ​គ្រឿងទៀតម៉ាក Prius បើកមកកៀរ រថយន្តលោក នាំឲ្យមានការខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្តនោះទេ ដោយបើក​លឿន​ពេក។​ ភ្លាមៗនោះស្រាប់តែមាននគរបាលមួយក្រុមខាងលើ មានទាំងរថយន្ត និងម៉ូតូផងប្រហែល៦គ្រឿង បានបើកដេញ​ពីក្រោយរហូត​តាមរថយន្តលោកទាន់ នៅក្នុងវត្តព្រែកថ្លឹង រហូតប្រើហិង្សាយ៉ាងដំណំ មិនសួររកហេតុផល បើទោះគាត់បានសុំអង្វរ និងសុំឲ្យសួរ​នាំរកខុស​ត្រូវសិនក៏ដោយ។

ជនរងគ្រោះបានស្នើសុំស្នងការនគរបាលរាជធានីភ្នំពេញយកក្រុមជនល្មើសដែលបានប្រព្រឹត្តការវាយដំលើរូបលោកជាប្រជាពលរដ្ឋស្លូតត្រង់ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត និងសុំសងការខូចខាត ថ្នាំព្យាបាល និងសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ។

ក្រុមមន្ត្រីប៉ូលិសដែលព្រួតគ្នាប្រើអំពើហិង្សាលើប្រជាពលរដ្ឋមានដូចជា

១. លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ។

២. លោកវរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរងទទួលការងារសណ្ដាប់ធ្នាប់។

៣. លោកអនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រី នគរបាលចរាចរណ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី