ជនជាតិបរទេសបើករថយន្តស៊េរីទំនើបបុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ!

ភ្នំពេញ:ជនបរទេសម្នាក់បានបើករថយន្តស៊េរីទំនើបបុកជាមួយម៉ូតូបត់ឆ្លងផ្លូវ អូសជាង៥០ម៉ែត្របណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ខាងមុខបុរីជីបម៉ុង ក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថោង ឌីណា អាយុ២៩ឆ្នាំ មុខរបរបើករថយន្តឱ្យក្រុមហ៊ុនមួយកន្លែង ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បើកម៉ូតូម៉ាកហុងដា PCXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GO-0318 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងដៃឆ្លងផ្លូវ ក្នុងបំណងត្រឡប់ក្រោយវិញ ភ្លាមនោះក៍មានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-2799 បើកបរដោយបុរសជនជាតិបរទេសម្នាក់​ រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹង រួចអូសជិត៥០ ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលកើតហេតុរថយន្តបង្កក៏បានបន្តទៅមុខជិត១០០ម៉ែត្របម្រុងបើករត់ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានរថយន្តនឹងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង យកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២