ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរបើកកសិដ្ឋានចិញ្ចឹមជ្រូកបានរអ៊ូរទាំគ្រប់គ្នា ដោយសារតែតម្លៃជ្រូករស់បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។បច្ចុប្បន្ននេះ កសិដ្ឋានជ្រូកនៅក្នុងប្រទេសកម្ពុជាមានចំនួន ៥៣៩កន្លែង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញទៅក្រៅប្រទេស។


ខាងក្រោមនេះ ជាមូលហេតុដែលនាំឱ្យតម្លៃជ្រូករស់ធ្លាក់ថ្លៃ៖
បើតាមរបាយការណ៍ ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការកកស្ទះ។


តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាមមានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ ដែលខុសពីតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្លៃចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល/គីឡូក្រាម នាពេលសព្វថ្ងៃនេះ។
ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន ២២ ០០០ក្បាល និងនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន ២៧៥ ៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧ ៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។

វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីបុណ្យទាន កម្មវិធីជួបជុំផ្សេងៗ ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។
បទល្មើសចរាចរសត្វ និងផលិតផលសត្វ ពីប្រទេសជិតខាងគិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណី ក្នុងនេះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូកបង្កកចំនួន ២ករណី។ដោយសារកត្តាទាំងអស់នេះហើយ បានធ្វើឱ្យតម្លៃជ្រូករស់ធ្លាក់ថ្លៃ។

នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មដដែលនេះ បានបន្តទៀតថា អគ្គនាយកដ្ឋាននឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ព្រោះកន្លងមកនេះ តម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០រៀលក្នុង១គីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូលគឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀលក្នុង១គីឡូក្រាម។
បច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹម៣០០ក្បាលក្នុង១ថ្ងៃប៉ុណ្ណោះ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តពិនិត្យ និងពិភាក្សារកដំណោះស្រាយអំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅខេត្តកំពង់ចាមម្នាក់បាននិយាយថា មុខរបរចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះមានការពិបាកណាស់ ចិញ្ចឹមបានហើយ លក់មិនចេញឬមានតម្លៃថោក តម្លៃដែលលក់បានមិនសមនឹងកម្លាំងពលកម្ម និងការចំណាយទៅលើចំណី ការថែទាំនោះទេ ។ឥឡូវនេះគាត់បានពិភាក្សាគ្នាជាមួយគ្រួសាររួចហើយថា បើស្ថានភាព នៅតែបន្តអូសបន្លាយបែបនេះទៀត គាត់នឹងឈប់ប្រកបរបរចិញ្ចឹមជ្រូកនេះហើយ។ហើយតម្លៃលក់ជ្រូករស់រាល់ថ្ងៃនេះ បានតែជាង៩០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម តែមានពេលខ្លះអាចលក់បានតម្លៃ១០ ០០០រៀលក្នុង១គីឡូក្រាមដែរ៕

