ចាប់បានហើយក្រុមអ្នកលេងដាវសាំម៉ូរៃ នាំគ្នាចេញប្លន់ យកម៉ូតូតាមដងផ្លូវជាតិលេខ២ នាពេលយប់

ខេត្តតាកែវ ៖ ចាប់បានហើយ ក្រុមចោរប្លន់ ដែលប្រើដាវសាំម៉ូរៃដេញកាប់ប្លន់ ម៉ូតូតាមដងផ្លូវពីជនរងគ្រោះ នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅចំណុចភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង៉ែត សារ៉ាន់ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ចំណែកជនសង្ស័យមានឈ្មោះ សិលា រ៉ាវុធ ហៅវិដ អាយុ ២៥ឆ្នាំ , ឈ្មោះ ផន បញ្ញា អាយុ២១ឆ្នាំ និង ឈ្មោះ ឆាន ប៊ុនណា អាយុ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យមានគ្នា៤នាក់ ក្នុងនោះជនសង្ស័យម្នាក់មានឈ្មោះ សេង សុវណ្ណ អាយុ២៧ឆ្នាំ រស់នៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ជិះម៉ូតូជនរងគ្រោះ រត់គេចខ្លួនបាត់។ ជនសង្ស័យទាំង៤នាក់ ធ្វើសកម្មភាពប្រដាប់ដោយដាវ និងដំបង រលាស់(ដែក) ជិះម៉ូតូ២គ្រឿង ដេញកាប់ប្លន់ម៉ូតូ១គ្រឿងម៉ាកហុងដា របស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូឆ្លងកាត់ ចំណុចកើតហេតុខាងលើ តែមិនបណ្តាលឱ្យរងរបួសទេ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកបាទីបានចុះដល់កន្លែងកើតហេតុ និងធ្វើការ ស្រាវជ្រាវ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមាន ការសម្របសម្រួល នីតិវិធីពីសំណាក់ លោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន មុខសញ្ញាសង្ស័យបានចំនួន៣នាក់ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេពិតជា បានធ្វើកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ នៅចំណុច ខាងលើប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនសង្ស័យ ដែលកំពុងរត់គេចខ្លួន ដើម្បីយកមក ផ្តន្ទាទោស តាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២