រដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាចំនួន ២៥០ លានដុល្លារ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ដល់វិស័យឯកជន នៅឆ្នាំ ២០២២ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ

បន្ទាប់ពីប្រទេសកម្ពុជា បានបើកឱ្យដំណើរការនូវសេដ្ឋកិច្ច សង្គមឡើងវិញ ក្រោយពីបានបិទខ្ទប់អស់រយៈពេលជិត២ឆ្នាំ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះ ឥឡូវនេះរដ្ឋាភិបាលបានរៀបចំ និងធ្វើសេចក្តីព្រាងក្រមខណ្ឌយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ និងការរស់នៅជាមួយកូវីដ-១៩តាមបែបគន្លងប្រក្រតីភាពថ្មី។ ជាមួយនឹងការរៀបចំនូវយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញនេះ រដ្ឋាភិបាលក៏បានត្រៀមនូវកញ្ចប់ថវិកាប្រមាណជា ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ដល់វិស័យឯកជន មានសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

បើយោងតាមសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបានលើកយកមកពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះគឺ រាជរដ្ឋាភិបាលមានគម្រោងជាអាទិភាពលើគោលនយោបាយ កម្មវិធី និងវិធានការចម្បងមួយចំនួនដូចជា៖

១. ការផ្តល់ឥណទានបន្ថែមជូនដល់វិស័យឯកជនដែលស្ថិតក្នុងបណ្ដាវិស័យអាទិភាព សំដៅជំរុញដល់ការរស់រាន ផលិតភាព និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការចាប់យកនូវបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% សម្រាប់វិស័យសំខាន់ដូចជាការដាំយ័ន ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត និងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។

២. រៀបចំគម្រោងសាកល្បងនៃការផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant – Matching) ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/សំណាញ់សម្រាប់ការដាំបន្លែលើផ្ទៃដី ចាប់ពី – ០៥ ហិកតាឡើងទៅ និងកំពុង ឬគ្រោងនឹងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់ ៤%។

៣. រៀបចំយន្តការលើកលែង ឬព្យួរអាករលើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល (Tariff) លើសម្ភារៈសម្រាប់សាងសងផ្ទះកញ្ចក់ សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជ័រ ដែលបម្រើដល់ការដាំដុះបន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ ផលិតផលកសិកម្ម រម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមឿនប៉ៃលិន មាស៊ីនសម្រាប់បំពាក់ក្នុងបន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ (Chiller Machine) ប្រព័ន្ធកង្ហាត្រជាក់បំពាក់រោងចិញ្ចឹមសត្វ និងប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ។

៤. ជំរុញការវិនិយោគឯកជនលើប្រព័ន្ធដឹកជញ្ជូនត្រជាក់ តាមរយៈយន្តការនៃការលើកលែង ឬព្យួរពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទូកុងតឺន័រត្រជាក់ ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផ្លែចេកអំបូងលឿង និងស្វាយស្រស់ ទៅទីផ្សារអន្តរជាតិ។

៥. ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និង គ្រាប់ពូជវិញ្ញាបនបត្រ (Certified Seeds) នៃប្រភេទស្រូវក្រអូប ផ្ការំដួល និងសែនក្រអូប ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាព និង ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

៦. ពង្រឹងសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្មតាមកិច្ចសន្យារវាងក្រុមផលិត សមាគមនិងសហគមន៍កសិកម្ម ឧស្សាហកម្ម និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃផលិតផលកសិកម្មលើអនុវិស័យដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ។

 

៧. ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ (GAP) និងការបំពេញលក្ខខណ្ឌតម្រូវអនាម័យ និងភូតតាមអនាម័យ សម្រាប់ផលិតផលស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូបទៅដល់កសិករក្រុមផលិត និងសហគមន៍កសិកម្ម។

 

៨. បន្តជំរុញការវិនិយោគ និងថែទាំប្រព័ន្ធស្រោចស្រពខ្នាតតូច ដែលតភ្ជាប់ពីប្រឡាយមេ និងផ្លូវលំជនបទតាមយន្តការនៃគម្រោងសាច់ប្រាក់ពលកម្ម (Cash for Work) ។

 

៩. វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម (Quality control and certification systems including e-phyto)ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល (Traceability system) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និង/ឬឯកជន ដែលមានសក្តានុពលខ្ពស់ក្នុងការប្រមូលផ្តុំបន្លែចំនួន ០៣ កន្លែងសាកល្បងក្នុងជំហានទី ១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងត្បូងឃ្មុំ ។

១០. ជំរុញការវិនិយោគសាធារណៈលើមជ្ឈមណ្ឌលចែកចាយត្រីកម្រិតសហគមន៍ – រដ្ឋបាលជលផល និងហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) និងកន្លែងធ្វើតេស្តគុណភាព (quality testing facility)

១១. ពិនិត្យលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម (Agro-Industrial Park) – ឧត្តមក្រុមប្រឹក្សាជាតិក្នុងខេត្តដែលមានសក្តានុពលផលិតផលកសិកម្មតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាព សេដ្ឋកិច្ចនៃសហគ្រាសកែច្នៃផលិតផលកសិកម្ម។

១២. ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យសម្រាប់ នាំចូលផ្លែមៀនប៉លិន, ទុរេន, ម្រេច, ដូងក្រអូប និងការចរចាលើការលើកលែង ការតម្រូវឱ្យបង់ពន្ធនាំចូលលើផលិតផលកៅស៊ូ ជាមួយភាគីចិន។

១៣. ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មផែនការសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលគាំទ្រដោយថវិការដ្ឋ និងថវិកាដៃគូ ក្នុងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ។

១៤. សិក្សាថ្លៃធាតុចូលក្នុងវិស័យកសិកម្មដូចជា ដី ថ្នាំ ចំណីសត្វ និងពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល។

១៥. ជំរុញការរៀបចំ និងដាក់ឱ្យអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម – ២០២១-២០៣០៕

ដោយ៖ប៊ី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២