សហរដ្ឋអាមេរិកអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួម កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ដែលជាសញ្ញាមួយធ្វើឲ្យចិនក្ តៅស្លឹកត្រចៀក

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា អាមេរិក បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ដែលនឹងប្រព្រឹត្តទៅ នាខែធ្នូខាងមុខនេះ ដែលការអញ្ជើញនេះ ហាក់បីដូចជាធ្វើឲ្យចិនកាន់តែក្តៅស្លឹកត្រចៀក។

បញ្ជីឈ្មោះនៃបណ្តាប្រទេស និងដែនដី ដែលនឹងត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនេះ បង្កើតឡើងដោយសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ចេញរួចទៅហើយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយក្នុងនោះក៏មានឈ្មោះ កោះតៃវ៉ាន់ ផងដែរ។ ការបោះជំហាននេះត្រូវបានគេមើលឃើញថា ជាការដើរតាមការប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន ក្រោយពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក ក្នុងការអូសទាញមហាអំណាចមួយនេះ ឲ្យក្លាយជាអ្នកដឹកនាំពិភពលោកដ៏ល្អប្រសើរជាថ្មី ដើម្បីប្រឆាំងនឹងកម្លាំងផ្តាច់ការ ដែលលោក បៃដិន ផ្ទាល់បានចោទទៅលើប្រទេសចិន និងរុស្ស៉ី។

គួរបញ្ជាក់ផងដែរថា អ្នកដែលត្រូវបានអញ្ជើញឲ្យចូលរួម «កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ» តាមប្រព័ន្ធវីដេអូអនឡាញ មានសរុបចំនួន ១១០រូប ប៉ុន្តែមិនមានឈ្មោះ រុស្ស៊ី និងចិននោះឡើយ។ បើតាមក្រសួងការបរទេសអាមេរិក, កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយស្ថិតក្នុងប្រធានបទ «បង្កើតរបៀបវារៈដ៏ច្បាស់លាស់ សម្រាប់ការបន្តដំណើរនៃប្រជាធិបតេយ្យ»។

បន្ថែមពីនេះ មេដឹកនាំរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងវិស័យឯកជននានាផ្សេងទៀត ត្រូវបានគេរំពឹងទុកថា នឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តគ្រប់បែបយ៉ាង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២