រុស្ស៊ី និង អ៊ុយក្រែនបន្ត ប្រឈ. ម មុខដា.ក់គ្នា ខណៈភាគី ទាំងពីរបាន ធ្វើ សមយុ. ទ្ធ ប្រយុ. ទ្ធរៀងៗខ្លួន

ម៉ូស្គូ៖ កាលពីថ្ងៃពុធម្សិលម៉ិញនេះ ពេលដែលរុស្ស៊ីបានធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន  រុស្សីបាននិយាយថា ខ្លួនចាំបាច់ត្រូវតែពង្រឹងការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងធម្មតា និងនុយក្លេអ៊ែររបស់ខ្លួន ដោយសារតែសកម្មភាពរបស់អង្គការណាតូកើនឡើងនៅជិតព្រំដែនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។

ដោយឡែកអ៊ុយក្រែនវិញ ក៏បាននិយាយថា ខ្លួន ជឿជាក់ថា រុស្ស៊ី អាច នឹង កំពុង រៀបចំ ការ ឈ្លានពាន ហើយបាន ធ្វើសមយុទ្ធ របស់ខ្លួន នៅ ជិត ព្រំដែន ជាមួយបេឡារុស។ ក្រុមស៊ើបអង្កេតរុស្ស៊ីឯករាជ្យមួយបានបង្ហោះរូបថត និងវីដេអូដែលខ្លួនបាននិយាយថា បង្ហាញពីចលនារថក្រោះ និងរថយន្តយោធាផ្សេងទៀតនៅភាគខាងត្បូងប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ការកើនឡើងនៃសកម្មភាពយោធាលើភាគីទាំងសងខាង បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍ ដែលបានបង្កើនហានិភ័យនៃសង្គ្រាម រវាងអតីតអ្នកជិតខាងរបស់សូវៀតទាំងពីរ ទោះបីជារុស្ស៊ីបដិសេធចេតនាឈ្លានពានក៏ដោយ ហើយប្រភពចារកម្មលោកខាងលិចបានប្រាប់ Reuters ថា ពួកគេមិនឃើញការឈ្លានពានណាមួយដែលជិតមកដល់នោះទេ។

បើទោះបីជា អ៊ុយក្រែនមិនមែនជាសមាជិកណាតូក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះទីក្រុងគៀវ តាមរបៀបដែលទីក្រុងមូស្គូចាត់ទុកថា ជាការបង្កហេតុ រួមទាំងតាមរយៈការធ្វើសមយុទ្ធនាវាចម្បាំងក្នុងខែនេះ នៅសមុទ្រខ្មៅ និងការបញ្ជូនកប៉ាល់ល្បាតរបស់អាមេរិកទៅកាន់កងទ័ពជើងទឹកអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានប្រាប់ Reuters ថា វានឹងក្លាយជា “កំហុសដ៏ធ្ងន់ធ្ងរពីរុស្ស៊ី” បើសិនជាមានការវាយប្រហារអ៊ុយក្រែនមែននោះ។

ប្រភពពី Interfax បានរាយការណ៍ថា នៅក្នុងសមយុទ្ធកាលពីថ្ងៃពុធនៅសមុទ្រខ្មៅ គេឃើញមាន យន្តហោះចម្បាំង និងកប៉ាល់រុស្ស៊ីបានអនុវត្តការវាយប្រហារតាមអាកាសលើមូលដ្ឋានទ័ពជើងទឹក និងឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២