ប៉េកាំង៖ តាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីន ហួរ នៅថ្ងៃទី ២៥ ខែវិច្ឆិការនេះបានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលចិនបានចេញមកបញ្ជាក់ច្បាស់ៗតែម្តង អ្នកទាំងឡាយណា ដែលចេញមកប្រកាសគាំទ្រដល់ចលនា ទាមទារឯករាជ្យនៅកោះតៃវ៉ាន់ នឹងមិនអនុញ្ញាតឲ្យមករកស៊ីនៅក្នុងប្រទេសចិនដាច់ខាត។


លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន បានគូសបញ្ជាក់ថា មិនមានក្រុមហ៊ុន ឬបុគ្គលណាមួយ ដែលគាំទ្រសកម្មភាពចង់ទាមទារឯករាជ្យនៅតៃវ៉ាន់ ហើយបំផ្លាញទំនាក់ទំនង នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អាចធ្វើឱ្យប្រតិបត្តិការរកស៊ីរបស់ពួកគេ នៅក្នុងប្រទេសចិន ស្របពេលជាមួយគ្នាបានឡើយ។


យ៉ាងណាមិញ លោកស្រី Zhu បានបន្ថែមថា អាជ្ញាធរចិននៅតែបន្តលើកទឹកចិត្តជំរុញ និងគាំទ្រឲ្យមានការធ្វើពាណិជ្ជកម្ម ក៏ដូចជាជំនួញផ្សេងៗ ឆ្លងកាត់ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយចិននឹងធានាការពារនូវ សិទ្ធិសេរីភាព និងផលប្រយោជនស្របច្បាប់របស់បុគ្គល និងក្រុមហ៊ុនទាំងឡាយ៕
