កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចទីក្រុងថ្មីមួយ ដែលត្រូវបានសាងសង់នៅជិតព្រំដែនជាមួយប្រទេសចិន និងជាភ្នំដ៏ពិសិដ្ឋនៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលជាងមួយខែមកនេះ ។
ទីក្រុងដែលកំពុងអភិវឌ្ឍន៍មួយនេះគឺនៅជិតភ្នំ Paektu ជាភ្នំដ៏ពិសិដ្ឋដែលក្រុមគ្រួសាររបស់លោក គីម គោរពបូជា ហើយលោកបានទៅលេងជាច្រើនដង ចាប់តាំងពីឆ្នាំ ២០១៨មក ។
KCNA បាននិយាយថា ដំណើរចុងក្រោយរបស់លោក គីម ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យដំណាក់កាលទី ៣ និងចុងក្រោយនៃការសាងសង់ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ បន្ទាប់ពីការពន្យារពេលដែលបណ្តាលមកពីការដាក់ទណ្ឌកម្មអន្តរជាតិ និងការរាតត្បាតនៃជំងឺកូវីដ- ១៩ ។
ការបាត់ខ្លួនរបស់មេដឹកនាំវ័យក្មេងរូបនេះពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ជារឿយៗបង្កឲ្យមានការសង្ស័យអំពីសុខភាព ឬកន្លែងលាក់ខ្លួនរបស់គាត់ ។
ផ្សាភ្ជាប់ទៅនឹងរឿងនេះផងដែរ មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់ នូវលទ្ធភាពដែលប្រទេសកូរ៉េខាងជើងអាចរៀបចំ ព្រឹត្តិការណ៍ប្រាព្ធពិធីអបអរសាទរ ការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM កាលពីឆ្នាំ២០១៧ របស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងបន្តឆ្ពោះទៅមុខជាមួយនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដូចដែលបានឃើញនៅក្នុងការធ្វើតេស្តអាវុធថ្មីៗ កាលពីពេលកន្លងទៅ ក្នុងឆ្នាំ២០២១នេះ រួមមានការបាញ់សាកល្បងមីស៊ីលបាលីស្ទីក ចេញពីនាវាមុជទឹក SLBM កាលពីខែតុលាកន្លងទៅនេះជាដើម៕