ចិនកោះហៅអគ្គរាជទូតជប៉ុនមកសួរនាំ ក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ថា ជប៉ុនមិនឱបដៃឈរមើល បើចិនបើកការវាយប្រហារលើកោះតៃវ៉ាន់

ប៉េកាំង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃពុធ បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសចិន មកសួរនាំ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានថ្លែងការពារកោះតៃវ៉ាន់ ដោយបើកចំហនៅក្នុងវេទិការមួយ ដែលត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថាននយោបាយនៅតៃវ៉ាន់។

តាមសេចក្តីថ្លែងការណ៍មួយ នៃក្រសួងការបរទេសចិន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះបានឱ្យថា ការថ្លែងរបស់លោក អាបេ ស៊ីនហ្សូ ពាក់ព័ន្ធកោះតៃវ៉ាន់ខាងលើនេះថា ជាពាក្យសម្តីខុសឆ្គងនិងរំលោភលើបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន។

កាលថ្ងៃពុធនេះលោក អាបេ ស៊ីនហ្សូ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើងដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ថា ប្រជុំកោះSenkaku ស្ថិតនៅកៀកកោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ Sakishima និង Yonaguni មានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ លោក អាបេ បានសង្កត់ធ្ងន់ជុំវិញបញ្ហានេះថា ការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ជប៉ុនផងដែរ។

អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ថែមទាំងបានថ្លែងទៀតថា គ្រាអាសន្នរបស់តៃវ៉ាន់ គឺជាគ្រាអាសន្នរបស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាង ជប៉ុន-អាមេរិក ផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង មិនគួរមានការយល់ច្រឡំក្នុងបញ្ហានេះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២