ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងបានប្រារព្ធធ្វើឡើង នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២២កន្លងទៅ។
នៅក្នុងការប្រកួតបើកឆាកដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងែទី៨រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្ដើមបានមេដាយច្រើនជាងគេពីព្រឹត្តិការណ៍នេះគឹដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង។ ក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមបានមេដាយ៦គ្រឿងរួមមានមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ។ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ៥គ្រឿងរួមមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងព័ត៌មានទទួលបានមេដាយប្រាក់១គ្រឿង។
បើតាមអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោកហែម គីរី បានបានឱ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះយើងធ្វើឡើងនៅមណ្ឌលកីឡាហែលទឹកបាត់ដំបងដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្សខេត្តបាត់ដំបងបានជ្រាបពីប្រភេទកីឡាហែលទឹក និងបង្កើនធនធានមនុស្សសម្រាប់ខេត្តមួយនេះ។ការប្រកួតមានក្រុមកីឡាករ កីឡាការិនី និងគណៈប្រតិភូគ្រូបង្វឹកចូលរួម១២៣នាក់ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ៕
ដោយ៖វិកគី


